ភ្នំពេញ៖ បុរសម្នាក់ រួមដំណើរជាមួយកម្មករ២នាក់ទៀត បានបើករថយន្តដឹកតេស្តគ្រឹះរបស់ក្រុមហ៊ុន ជីបម៉ុង ក្នុងល្បឿនលឿនមិនប្រយ័ត្នបណ្ដាលឲ្យបែកកង់ខាងឆ្វេងក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវទាំងថ្ងៃ ធ្វើឲ្យរថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ បង្កភាពភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០តាមបណ្តោយមហាវិថីម៉ៅសេទុង ត្រង់ចំណុចស្ពានអាកាស់៥មករា ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់អង្គភាព នគរវត្តឲ្យដឹងថា មុនពេលពេលកើតហេតុ គេបានឃើញ រថយន្តដឹកគ្រឹះរបស់ក្រុមហ៊ុន ជីបម៉ុងមួយគ្រឿង ពាក់ស្លាក់លេខ ភ្នំពេញ 2BC-4370 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយបុរស២នាក់ទៀត បានធ្វើដំណើរតាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ។ លុះជិះមកដល់ចំណុចកើតហេតុ រថយន្តក៏បានបត់ឆ្វេងឡើងមហាវិថីម៉ៅសេទុងឆ្ពោះទៅទិសដៅពីជើងទៅត្បួង ខណៈពេលកំពុងបត់រថយន្តក៏បានបែកកង់ដោយអ្នកបើកបរគ្រប់គ្រងមិនបានក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យខ្ទាតចេញពីជួរ ចំណែករថយន្តខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំ តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញចុះមកដល់ចំណុចកើតហេតុ បានធ្វើការវាស់វែង រួចស្ទូចយករថយន្តខាងលើទៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយគ្នាតាមនីតិវិធីនាពេលក្រោយ ។
គួរបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ចរាចរកន្លងមកភាគច្រើនរថយន្តធុនធំរបស់ក្រុមហ៊ុនជីបម៉ុង តែងតែបង្កគ្រោះថ្នាក់ចរាចរជាញឹបញ៉ាប់ ដែលបណ្ដាលឲ្យមនុស្សជាច្រើនបានរងរបួសធ្ងន់ស្រាល ពេលខ្លះអាចឈានដល់ការបាត់បង់ជីវិតផងដែរ ៕ដោយ៖អឿន ភារ៉ា