កូរ៉េខាងត្បូង៖ អាជ្ញាធរសុខាភិបាលប្រទេសកូរ៉េខាងត្បូង បានប្រកាសថាប្រទេសរបស់ខ្លួន បានរកឃើញអ្នកឆ្លង COVID-19 ថ្មី នៅតំបន់កម្សាន្តរាត្រី Itaewon នាំឲ្យកើនឡើងដល់១៥៣នាក់ ។ ខណៈការផ្ទុះឡើងថ្មីៗនៃវីរុសនេះ នៅពេលដែលអ្នកជំងឺម្នាក់គាត់បានទៅលេងកម្សាន្តនៅទីនោះ មុនពេលដែលគាត់ដឹងខ្លួនថាវិជ្ជមានជាមួយវីរុស COVID-19។
អាជ្ញាធរសុខាភិបាល បន្តថា បច្ចុប្បន្នក្រុមអ្នកជំនាញកំពុងតាមដានទំនាក់ទំនងរបស់អ្នកជំងឺថ្មីៗចំនួន ៥នាក់ នៅឯសាកលវិទ្យាល័យក្នុងសង្កាត់Hongdae, ភាគខាងលិចទីក្រុងសេអ៊ូល និងករណីដែលទាក់ទងនឹងក្លឹបរាត្រី និងបារ៍នៅតំបន់កម្សាន្តរាត្រី Itaewon ហើយអ្វីដែលសំខាន់ពួកគេទំនងជាឆ្លងតគ្នាចេញពីក្លឹបខារ៉ាអូខេតែមួយ។
សូមជម្រាបថា អ្នកជំងឺម្នាក់នៅ Hongdae ដែលការឆ្លងនៅមិនទាន់បានអាចបញ្ជាក់បាន ត្រូវបានគេឱ្យដឹងថាបានប្រើបន្ទប់ខារ៉ាអូខេតែមួយនៅឯសង្កាត់ Gwanak ជាមួយនឹងអ្នកជំងឺមួយផ្សេងទៀតដែលឆ្លងចេញពីតំបន់Itaewon ។ ការឆ្លងតគ្នាបែបនេះក៏ត្រូវបានបញ្ជាក់ចេញពីភាគខាងជើងទីក្រុងសេអ៊ូលផងដែរ នៅពេលដែលអ្នកជំងឺបានជិតស្និទ្ធជាមួយអ្នកជំងឺផ្សេងទៀត ដែលឆ្លងចេញពីតំបន់ Itaewon ។
ករណីចម្លែកមួយទៀតគឺមានមនុស្ស ២នាក់ បានឆ្លងវីរុស COVID-19 ពីអ្នកដែលឆ្លងវីរុសតគ្នាចេញពី Itaewon ដោយពួកគេបានចូលក្នុងក្លឹបកម្សាន្តតែមួយ ប៉ុន្តែពួកបាននៅបន្ទប់ផ្សេងគ្នា។ វាមិនច្បាស់ទេថាពួកគេឆ្លងតគ្នារបៀបណា ប៉ុន្តែប្រភពបាននិយាយថា ប្រព័ន្ធម៉ាស៊ីនត្រជាក់របស់ពួកគេគឺបណ្ដាញតែមួយ ហើយវាទំនងជាមូលហេតុនៃការឆ្លង។ យ៉ាងណាក៏ដោយមូលហេតុផ្សេងទៀត គឺអាចដោយសារការប្រើបង្គន់ជាដើម។
គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ករណីថ្មីចំនួន ១៥៣ ដែលជាប់ទាក់ទងនឹងការឆ្លងជាចង្កោមនៅតំបន់Itaewon របស់ទីក្រុងសេអ៊ូល ដោយភាគច្រើននៃពួកគេមានអាយុ ២០ឆ្នាំ ឬក្មេងជាងនេះ។ ក្នុងនោះមានការឆ្លងចំនួន ៦៣ករណី មិនបានទៅទស្សនាតំបន់Itaewon ប៉ុន្តែពួកគេត្រូវបានជឿជាក់ថា ជាករណីឆ្លងបន្ទាប់ទី២ និងទី៣តគ្នាពីករណីដំបូង ៕ដោយ៖ស តារា