ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូដេញគប់កញ្ចក់រថយន្តមួយគ្រឿង រួចព្យាយាមគេចខ្លួនតែមិនរួច

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់យកដុំថ្មជិះម៉ូតូដេញគប់រថយន្តហាយឡែនឌ័រមួយគ្រឿងបណ្តាលឱ្យបែកកញ្ចក់ហេីយព្យាយាមគេចខ្លួនតែត្រូវម្ចាស់រថយន្តដេញគៀរចាប់ជាប់មកវិញ។ 

ហេតុការណ៍​នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខបុរីញូថោន ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីនារីដែលជាភ្ញៀវជិះលើរថយន្តឈ្នួលខាងលើបានឲ្យដឹងថា រូបគាត់ធ្វើដំណើរមកពីខេត្តកំពត ឆ្ពោះទៅរាជធានីភ្នំពេញ ដោយជិះរថយន្តហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​2S 8375  រហូតមកដល់ចំណុចមុខផ្សារ អូដឹម ក្នងភូមិអូដឹម សង្កាត់ចោមចៅទី៣ ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូ ម៉ាក​ MSX ពណ៌ក្រហម មួយគ្រឿង  ពាក់ស្លាកលេខ កំពង់ចាម 1X 3229 មកពីក្រោយយកដុំថ្មគប់បណ្តាលឲ្យបែកកញ្ចក់មួយផ្ទាំងផ្នែកខាងក្រោយខ្ទេច រួចព្យាយាមជិះគេចតែរត់មិនរួចត្រូវម្ចាស់រថយន្តតាមគៀកប្រផាត់ចាប់ប្រភីងឈប់ម៉ូតូរត់គេច នៅតែរត់មិនរួចត្រូវតៃកុងរថយន្តតាមចាប់ទាល់តែបាន។

បេីតាមសំដីជនបង្កបានប្រាប់ថា​ មូលហេតុដោយសារគាត់យកដុំថ្មដេញគប់រថយន្តនេះដោយសារតែមានគេស្រែថារថយន្តខាងលេីបុកគេហេីយរត់ទេីបគាត់ដេញគប់បែបនេះ។ 

ក្រោយពីចាប់ជនបង្កបាន ជនរងគ្រោះនិងជនបង្កធ្វើការសម្របសម្រួលគ្នានៅនិងកន្លែងដោយមិនពឹងពាក់សមត្ថកិច្ចឡើយ ទោះបីសមត្ថកិច្ចទៅដល់ទីតាំងខាងលើក៏ដោយគឺពួកគេសុំដោះស្រាយគ្នាដោយផ្ទាល់តែម្តង៕សុខាសែនជ័យ​


ចែករំលែក៖