ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោកវរសេនីឯក ជូស៊ែល ជេ ហ្សូនីហ្គា (JOSELJ ZUNIGA ) អនុព័ន្ធយោធាហ្វីលីពីន ដែលទើបបញ្ចប់អាណត្តិបេសកកម្មកាទូតនៅកម្ពុជា បានចូលជួបសម្តែងការគួរសម និង ជម្រាបលា។
ក្នុងជំនួបដែលបានធ្វើឡើងនៅអគ្គបញ្ជាកាដ្ឋាន នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់លោកវរសេនីឯក ជូស៊ែល ជេ ហ្សូនីហ្គា ដែលធ្វើឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ (កម្ពុជា-ហ្វីលីពីន) មានភាពល្អប្រសើរ ជាពិសេសក្នុងវិស័យការផ្លាស់ប្ដូរព័ត៌មាន ការជួយហ្វឹកហ្វឺនដល់នាយទាហានជាន់ខ្ពស់កម្ពុជា។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានចូលរួមមរណទុក្ខ និងសោកស្ដាយបំផុតចំពោះការបាត់បង់អាយុជីវិតរបស់ប្រជាជនហ្វីលីពីនដោយសារការរាតត្បាតជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន និងមួយផ្នែកដោយសារជួបគ្រោះធម្មជាតិខ្យល់ព្យុះនៅលើកោះ។
ពាក់ព័ន្ធដល់ស្ថានភាពនៅកម្ពុជា នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានលើកឡើងពីការរាតត្បាតនៃជំងឺកូវីដ១៩ ដែលបានឆ្លងទៅប្រជាពលរដ្ឋកម្ពុជា សរុប ១២២នាក់ ប៉ុន្តែអាស្រ័យដោយមានការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសមត្ថភាពក្រុមជំនាញសុខាភិបាល ការចូលរួមពីមន្រ្តីរាជការ ប្រជាពលរដ្ឋ និងការជួយឧបត្ថម្ភរបស់បណ្ដាប្រទេសជាមិត្ត កម្ពុជាបានទប់ទល់ការរាតត្បាត និងព្យាបាលជំងឺនេះឲ្យជាសះស្បើយអស់ជាស្ថាពរ ។
ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក ជូស៊ែល ជេ ហ្សូនីហ្គា បានជម្រាបជូននាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ អំពីកិច្ចការដែលលោកសម្រេចបានក្នុងបេសកកម្មកាទូតនៅកម្ពុជាកន្លងមក ក្នុងនោះជោគជ័យធំបំផុត គឺការចុះអនុស្សរណៈយោគយល់រវាងក្រសួងការពារជាតិប្រទេសទាំងពីរនាអំឡុងឆ្នាំ២០១៦ ដែលជាការត្រួសត្រាយផ្លូវដល់ការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរមានភាពល្អប្រសើរ៕ដោយ៖ស សម