ព័ត៌មានទាន់ហេតុការណ៍៖

អតីតបេក្ខជនX-Factor 2019​ វឿន ជីវ៉ា ជោគជ័យជំហានដំបូងលើអាជីពជាតារាចម្រៀង

ចែករំលែក៖

   ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេង វឿន ជីវ៉ា​ ចាប់ផ្តើមលេចមុខមាត់ជាបណ្តើរលើការងារសិល្បៈចម្រៀងបន្តបន្ទាប់ក្រោយពីនាងបញ្ចប់ការប្រកួតក្នុងកម្មវិធី X-Factor Cambodia រដូវកាលទី១កាលពីឆ្នាំមុន។ នាងក្តាប់បានឱកាសច្រៀងជាបន្តបន្ទាប់ក្នុងកម្មវិធីប្រគំតន្ត្រីតូចធំរបស់ទូរទស្សន៍រួមទាំងក្លាយជាតារាចម្រៀងក្នុងក្រុមមួយ។

មុនពេលទទួលបានឱកាសការងារសិល្បៈ វឿន ជីវ៉ា ត្រូវបានគេដឹងថានាងមានប្រវត្តិតស៊ូច្រើនក្នុងជីវិត និងការងារសិល្បៈ។ ចាប់ផ្តើមមានអ្នកស្គាល់ច្រើនក្រោយប្រកួតកម្មវីធីលំដាប់ពិភពលោក ដែលចូលដល់វគ្គLive Show វឿន ជីវ៉ា អាចសន្សំពិន្ទុ បន្ថែមកម្រិត និងមានឱកាសដុះខាត់សមត្ថភាពច្រៀងកាន់តែល្អ។ បច្ចុប្បន្ននាងបានលេចមុខក្នុងការច្រៀងក្នុងកម្មវិធីប្រគំតន្រ្តីចុងសប្តាហ៍របស់ទូរទស្សន៍ក្នុងស្រុកមួយចំនួនផងដែរ។ អ្វីដែលពិសេសនាងក៏ជាអ្នកចម្រៀងក្នុងក្រុមមួយដែលដឹកនាំដោយលោក យ៉េប រ៉ូហ្វាត ដែលប្រមូលផ្តុំដោយសិល្បករមានទេពកោសល្យ។ នាងក៏ត្រូវបានភោជនីយដ្ឋានធំ២នៅភ្នំពេញអញ្ជើញច្រៀងជាប្រចាំផងដែរ។ វឿន ជីវ៉ា បញ្ជាក់ថា នាងសប្បាយចិត្តដែលទទួលបានឱកាសការងារសិល្បៈថ្មី ដែលនាងបានចាត់ទុកថាជាភាពជោគជ័យដំបូងដែលបានពីការខិតខំប្រឹងប្រែង ស្របពេលដែលវិស័យចម្រៀងកំពុងមានការប្រកួតប្រជែងខ្លាំងនេះ។ តារាស្រីវ័យ១៩ឆ្នាំរូបនេះបញ្ជាក់ដែរថានាងនៅតែប្រឹងប្រែងបន្ថែមទៀតដើម្បីស្វែងរកអ្នកគាំទ្របន្ថែម នាងនឹងបញ្ចេញស្នាដៃបទចម្រៀងថ្មីផ្ទាល់ខ្លួននៅពេលដ៏ខ្លីខាងមុខ ដែលរំពឹងថានឹងទទួលបានការគាំទ្របន្ថែមពីទស្សនិកជន៕ដោយ៖ វឌ្ឍនា


ចែករំលែក៖