ខេត្តបន្ទាយមានជ័យ៖ ក្មេងស្រីម្នាក់ពេលម្តាយមិននៅផ្ទះក៏ដាំទឹកក្តៅទុកឲ្យពេលទឹកកំពុងពុះស្រាប់តែនាងលើកចេញពីចង្ក្រានរបូតដៃកំពប់ស្រោចលើភ្លៅបណ្តាលឲ្យរបួសភ្លៅទាំងសងខាងកាលពីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
អាជ្ញាធរភូមិបានឲ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ ឡូយ គន្ធា អាយុ៧ឆ្នាំ ភេទស្រី ម្តាយមានឈ្មោះយិប ស្រីនាង អាយុ៣៣ឆ្នាំ ជាស្ត្រីមេម៉ាយ មានមុខរបរជាអ្នកលាងចាននៅហាងខ្សាច់មាស រស់នៅក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ម្តាយក្មេងរងគ្រោះឈ្មោះយិប ស្រីនាង ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុរូបគាត់បានចេញទៅធ្វើការងារនៅហាងខ្សាច់មាស លុះបន្តិចក្រោយមកស្រាប់តែមានអ្នកជិតខាងបានរត់មកប្រាប់គាត់ថាកូនរបស់គាត់រលាកទឹកក្តៅស្រោចពេញខ្លួន។ពេលបានឮភ្លាមគាត់ក៏រត់មកមើលកូនស្រាប់តែឃើញកូនកំពុងដេកថ្ងូរនៅក្នុងរោងបាយដោយរលាកទឹកក្តៅស្រោចលើភ្លៅទាំង២ ហើយគាត់ក៏ដឹកកូនយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ។បើតាមការអះអាងរបស់អ្នកជិតខាងបានឲ្យដឹងថា៖ ឈ្មោះ យិប ស្រីនាង នេះជាស្ត្រីមេម៉ាយ មុខរបរជាអ្នកលាងចាននៅហាងខ្សាច់មាស ក្រខ្សត់ខ្លាំងណាស់។គាត់បានលើកដៃសំពះស្នើសុំជំនួយពីសប្បុរសជនសម្រាប់ព្យាបាលរបួសកូនដែលកំពុងឈឺ នេះដោយក្តីមេត្តាផង៕ ដោយ៖វណ្ណា