ប្រេសុីល៖ អ្នកឆ្លងនឹងស្លាប់ក្នុងប្រទេសប្រស៊ីលកើនឡើងខ្ពស់ ក្លាយជាប្រទេសលំដាប់ទីពីរនៅលើពិភពលោកពីចំនួនអ្នកឆ្លង។ ប្រធានាធិបតី រងការថ្កោលទោសយ៉ាងខ្លាំង ដែលលោកមិនមានវិធានការទប់ស្កាត់ ទុកឲ្យមានអ្នកឆ្លងច្រើន។
កន្លងមក ប្រធានាធិបតី Bolsonaro ដែលជាមេដឹកនាំធ្លាប់បានបញ្ជាក់ជាច្រើនលើកមកហើយថា កូវីដ១៩ ដូចទៅនឹងជម្ងឺផ្តាសាយធម្មតាប៉ុណ្ណោះ ហើយអំពាវនាវឲ្យពលរដ្ឋទៅធ្វើការធម្មតាដូចដើម ។ ចំណុចទាំងនោះហើយដែលធ្វើឲ្យប្រទេសនេះមានអ្នកឆ្លងកើនឡើងខ្ពស់ ពីមួយថ្ងៃទៅមួយថ្ងៃ។
មេដឹនាំប្រេស៊ីលនិងអាមេរិក «មហាអំណាចកូវីដ១៩» លំដាប់ទីមួយទីពីរលើពិភពលោក ចាត់ទុកកូវីដ១៩ ដូចជាជំងឺផ្តាសាយ ហើយលទ្ធផល ធ្វើឲ្យមេដឹកនាំទាំងពីរ មិនខកបំណងឡើយ។ អ្វីដែលទទួលបាននាពេលនេះ គឺការថ្កោលទោសពីពលរដ្ឋ បាត់បង់ការគាំទ្រ។
គិតមកដល់ព្រឹកថ្ងៃទី២៣ ខែឧសភាប្រេស៊ីល មានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ទៅ ៣៣០ ៨៩០ នាក់ ច្រើនជាងប្រទេសរុស្ស៊ី ក្លាយជាប្រទេសទីពីរ បន្ទាប់ពីអាមេរិកមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ។ ចំនួនអ្នកស្លាប់ដោយកូវីដ១៩ នៅអាមេរិកឡាទីនមួយនេះ ក៏បានកើនឡើងដល់ទៅ២១០៤៨នាក់ ដោយក្នុងថ្ងៃទី២២ ខែឧសភា មានអ្នកស្លាប់ដោយកូវីដ១៩ ដល់ទៅ១០០១នាក់។
ប៉ុន្តែតាមក្រុមអ្នកឯកទេសបានព្រមានថា តួលេខពិតនឹងមានអ្នកស្លាប់ និងឆ្លងកូវីដ១៩ ច្រើនជាងនេះទ្វេដង។ បើទោះបីមានការឆ្លងច្រើនក្តីតែរដ្ឋាភិបាលប្រេស៊ីលមិនទាន់មានវិធានការបិទទ្វារប្រទេសទប់ស្កាត់ការឆ្លងកូវីដ១៩ នៅឡើយទេ ។
ដោយ៖ធី រីណា