ប្រទេសចិន៖ លោក Gao Fu នាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់ចិន (CDC) បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៣ខែឧសភា ម្សិលមិញនេះ ការរិះគន់ពីសំណាក់សាធារណជនពាក់ព័ន្ធនឹងការផ្ទុះរាលដាលដំបូងនៃជំងឺរាតត្បាតសកល COVID-19 ដែលបច្ចុប្បន្នសម្លាប់មនុស្សជាង៣៤ម៉ឺននាក់ និងឆ្លងជាង៥,៤លាននាក់ គឺជារឿងដែលអាចទទួលយកបាន។ យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់ចិនរូបនេះ បន្តការពារចំណាត់ការឆ្លើយតបរដ្ឋាភិបាលប្រឆាំងវិបត្តិនេះ។
លោក Gao Fu បន្តថា ជាមួយជំងឺរាតត្បាតទ្រង់ទ្រោយធំក្នុងប្រទេសចិននិងពិភពលោក វាគឺជារឿងធម្មតាបំផុតក្នុងការទទួលយកការរិះគន់ពីសំណាក់សាធារណជន» ។ លោកសង្កត់ធ្ងន់ដូច្នេះថា៖«យើងព្រមទទួលយកពួកវាដោយការគោរព»។
បណ្ដាចិន រួមមាន សហរដ្ឋអាមេរិក និងអូស្ត្រាលី បានរិះគន់ក្រុងប៉េកាំងជុំវិញកង្វះខាតតម្លាភាពអំឡុងពេលផ្ទុះរាលដាលជំងឺ COVID-19 ដំបូងៗហើយក៏ចោទទៀតថា កូរ៉ូណាវីរុសមានប្រភពពីមន្ទីរពិសោធន៍ក្រុងវូហាន។ក៏ប៉ុន្តែភ័ស្តុតាងជាក់លាក់ព័ន្ធរឿងនេះពុំទាន់ត្រូវលើកមកបង្ហាញឡើយ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោកនាយក Gao លើកឡើងថា មជ្ឍមណ្ឌលគ្រប់គ្រងជំងឺ គួរពង្រឹងយន្តការរាយការណ៍ព័ត៌មានជំងឺរាតត្បាតរបស់ខ្លួន និងដោះស្រាយចន្លោះប្រហោងនៅចំពោះមុខការផ្ទុះរាលដាលCOVID-19 ។
ក៏ប៉ុន្តែ ទោះបីជាភាពទន់ខ្សោយខ្លះ ដែលត្រូវបានលាតត្រដាងក្នុងភ្នាក់ងារលោក អំឡុងជំងឺរាតត្បាតនេះ ដែលផ្ទុះឡើងដំបូងក្នុងប្រទេសកាលពីចុងឆ្នាំមុន លោក Gao បញ្ជាក់ថា ការឆ្លើយតបរបស់រដ្ឋាភិបាល គឺល្អ បើធៀបនឹងបណ្ដាដទៃទៀត។
នាយក CDC ចិនរូបនេះ អះអាងថា អ្នកវិទ្យាសាស្ត្រចិន នៅតែពុំអាចទាន់បញ្ជាក់ពីរបៀបដែលវីរុសនេះឆ្លងទៅមនុស្ស។ យ៉ាងណាមិញលោកសង្ឃឹមថាសាធារណជនអាចទុកពេលឲ្យអ្នកវិទ្យាសាស្ត្រចិនច្រើនបន្ថែមទៀតដើម្បីសិក្សាឈ្វេងយល់ពីវីរុសនេះ។
ករណីឆ្លងCOVID-19 ក្នុងប្រទេសចិនត្រូវបានមើលឃើញថាធ្លាក់ចុះយ៉ាងគំហុកចាប់តាំងពីខែមីនាមក ។ នោះគឺដោយសារតែការរឹតត្បិតតឹងរ៉ឹងលើការចល័តមនុស្សដែលជួយដល់ការគ្រប់គ្រងជំងឺរាតត្បាតសកលនេះ។ តួលេខឆ្លងក្នុងប្រទេសនេះ ឈរនៅ៨២ ៩៧១ករណី និងអ្នកស្លាប់ ៤៦៣៤នាក់៕ដោយ៖ស តារា