ព័ត៌មានទាន់ហេតុការណ៍៖

ទោះបីសាលាអន្តរជាតិ CIA FIRST International School ផ្តល់ជូនដំណោះស្រាយរហូតដល់ចំនួន១០ចំណុច តែអាណាព្យាបាល គ្រោងធ្វើការតវ៉ាសាជាថ្មី

ចែករំលែក៖

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ មាតាបិតា និង អ្នកអាណាព្យាបាលនៃសិស្ស ដែលកំពុងរៀននៅសាលាអន្តរជាតិ CIA FIRST International School ប្រកាសថា នឹងជួបជុំគ្នាសាជាថ្មីនៅមុខសាលានិងបន្តដាក់លិខិតទៅខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដើម្បីសុំអន្តរាគមន៍បន្តទៀត ។ នេះបើយោងតាមការបង្ហោះលើបណ្តាញសង្គមហ្វេសមួយឈ្មោះថា «មាតាបិតាសិស្សសាលា ស៊ី.អាយ.អេ CIA First Parents» ។

ទោះបីយ៉ាងណា ជុំវិញបញ្ហានេះ ខាងសាលាអន្តរជាតិ CIA FIRST International School មិនបានធ្វើការព្រងើយកន្តើយនោះទេ ពោលគឺ បានដោះស្រាយជាបន្តបន្ទាប់ជាមួយខាងអាណាព្យាបាលនៃសិស្ស រហូតផ្តល់ជូនដំណោះស្រាយចំនួន១០ចំណុច យ៉ាងល្អប្រសើរ ។

យោងតាមសេចក្តីជូនដំណឹង ស្តីពី «ដំណោះស្រាយចុងក្រោយតាមលទ្ធភាពរបស់សាលាអន្តរជាតិ CIA FIRST International School និង សាលាអន្តរជាតិ CIA PP ជូនមាតាបិតានិងអ្នកអាណាព្យាបាលសិស្ស ក្នុងពេលប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩» កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ គឺ ខាងសាលា បានសម្រេចផ្តល់ជូននូវដំណោះស្រាយចុងក្រោយទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើបានដូចខាងក្រោម ៖

១-សាលាទុកលទ្ធភាពជូនមាតាបិតា អ្នកអាណាព្យាបាលអាចបង់ថ្លៃសិក្សា៥០% ក្នុងរយៈពេល៣ខែ ពីខែមេសារហូតដល់ខែមិថុនា ឆ្នាំ២០២០ ហើយ ៥០% ទៀត អាចបង់រំលស់ក្នុងរយៈពេល១២ខែ ដោយគិតចាប់តាំងពីឆ្នាំសិក្សាថ្មី២០២០-២០២១ ខាងមុខ ដោយគ្មានការប្រាក់ ។
២-សាលាអនុញ្ញាតអោយផ្អាកឬព្យួរសម្រាប់កម្រិតមត្តេយ្យសិក្សា ។ សម្រាប់ថវិកា ដែលបានបង់រួច សាលានឹងទុកជាឥណទានសម្រាប់ឆ្នាំសិក្សាថ្មី២០២០-២០២១ ។
៣-មិនបង់ថ្លៃសេវារថយន្តដឹកជញ្ជូនសិស្សានុសិស្ស អំឡុងពេលប្រឈមនឹងជំងឺកូវីដ-១៩ ។
៤-លើកលែងថ្លៃសេវាចុះឈ្មោះចូលរៀន (re-enroliment fee) សម្រាប់ឆ្នាំសិក្សា២០២០-២០២១ ខាងមុខ សម្រាប់សិស្សចាស់ ។
៥-សាលាសុំការយោគយល់និងអធ្យាស្រ័យ ដោយមិនអាចចុះថ្លៃសិក្សាតាមសំណើរបស់មាតាបិតា បាន (៣៥%លើគ្រប់កម្រិតសិក្សា ចាប់ពីខែមេសា ឆ្នាំ២០២០ រហូតដល់ពេលចូលរៀនក្នុងថ្នាក់រៀនជាធម្មតាវិញ) ។ សាលាសុំរក្សាជំហរចុះថ្លៃសិក្សា២៥% សម្រាប់មត្តេយ្យ K3 ដល់ K5 និង ១៥%+៥%=២០% សម្រាប់ថ្នាក់ទី១ដល់ថ្នាក់ទី១២ ចាប់ពីដើមខែេមសា ឆ្នាំ២០២០ រហូតដល់ខែមិថុនា ឆ្នាំ២០២០ ។
៦-ចំពោះការបង្វែថវិកាជូនមាតាបិតាវិញ (មាតាបិតាដែលបានបង់ថវិការួចហើយ) សាលាសុំអនុវត្តតាមគោលការណ៍របស់សាលា ដែលមានជាធរមាន ដូចមានចែងក្នុងវិកយបត្របង់ប្រាក់ ។
៧-ចំពោះការវាយតម្លៃការសិក្សានៅក្នុងពេលនៃការរៀនអនឡាញ និង ការសុំឡើងថ្នាក់ដោយស្វ័យប្រវត្តិ សាលានឹងទទួលយកសំណូមពរនេះទៅពិចារណា និង ពិភាក្សាជាមួយគណៈគ្រប់គ្រង និង លោកគ្រួ អ្នកគ្រូ ។
៨-សាលានឹងមិនដំឡើងថ្លៃសិក្សាក្នុងឆ្នាំសិក្សា២០២០-២០២១ ខាងមុខ សម្រាប់គ្រប់កម្រិត ។
៩-សាលានឹងរក្សាថ្លៃសេវាផ្សេងៗ ថ្លៃឯកសណ្ឋាន ថ្លៃសម្ភារៈសិក្សាជាដើម អោយនៅដដែលដូចឆ្នាំសិក្សា២០១៩-២០២០ សម្រាប់ឆ្នាំ២០២០-២០២១ ខាងមុខនេះ ។
១០-សម្រាប់មាតាបិតា អ្នកអាណាព្យាបាលដែលមានបំណងចង់ផ្ទេរកូនចេញ សាលានឹងសម្រួលការរៀបចំលិខិតស្នាមគ្រប់បែបយ៉ាងទៅតាមគោលការណ៍ដែលមានជាធរមាន ។

ជាមួយគ្នានេះ សាលាអន្តរជាតិ CIA FIRST International School អះអាងថា សាលានឹងបន្តពង្រឹងគុណភាពសម្រាប់ជាឧត្តមប្រយោជន៍ដល់ការសិក្សារបស់សិស្ស ហើយក្នុងកាលៈទេសៈនេះ សាលាសូមការយោគយល់ និង អធ្យាស្រ័យគ្នាប្រកបដោយសណ្តានចិត្តអាណិតអាសូរ និង គោរពគ្នាទៅវិញទៅមក ដើម្បីរួមគ្នាជំនៈឧបសគ្គដែលបណ្តាលមកពីជំងឺកូវីដ-១៩ នេះ ៕

 

ដោយ៖សុខ ខេមរា


ចែករំលែក៖