ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាជំនួសបាយរហូតដាច់ខ្យល់ស្លាប់ បង្កការភ្ញាក់ផ្អើលដល់អ្នកស្រុក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សពបុរសម្នាក់ត្រូវបានគេប្រទះឃើញនៅក្នុងអូរ សង្ស័យអាចបណ្ដាលមកពីហត់ហេវព្រោះអត់អាហារ ខណៈដែលគេដឹងថាបុរសរូបនេះគាត់ចូលចិត្តយកស្រាជាគ្នា មិនសូវគិតគូររឿងបាយទឹកនោះទេ។

ហេតុការណ៍ប្រទះឃើញមនុស្សស្លាប់នៅក្នុងអូរខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងអូរ(អត់ទឹក)ស្ថិតក្នុងភូមិអូរ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងបត់កណ្ដោល ដែលគោរពផ្ញើជូនលោកអធិការនគរបាលស្រុកបាកាន បានឱ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ នាង ចាន់ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅជាមួយម្ដាយចាស់ជរា ស្ថិតក្នុងភូមិសំរោង ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលខាងលើបន្តទៀតថា បន្ទាប់ពីកម្លាំងប៉ុស្តិ៍ទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម បានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវ ហើយបានបញ្ជាក់ថាជនរងគ្រោះហូបស្រាច្រើនជាប្រចាំរហូតមានជំងឺសរសៃប្រសាទ មិនសូវគិតគូររឿងបាយទឹកនោះឡើយ។ ដូច្នេះជនរងគ្រោះអាចបណ្ដាលមកពីហត់ហេវព្រោះអត់អាហារ ម្យ៉ាងទៀតអាកាសធាតុក៏ក្ដៅខាំង ធ្វើឲ្យជនរងគ្រោះអស់កម្លាំងអាចប្រះខ្លួនដេក ក៏ស្លាប់បាត់បង់ជីវិតតែម្ដង។

សពបន្ទាប់ពីធ្វើកំណត់ហេតុចប់បានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖