ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌច្បារអំពៅ ចុះរុះរើសំណង់អត់ច្បាប់ នៅគល់ស្ពានព្រែកសំរោង

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់រដ្ឋបាលខណ្ឌច្បារអំពៅ ចុះទៅណែនាំនិងចេញលិខិតជូនដំណឹងហាមសាងសង់ចំនួន៣លើក ហើយម្ចាស់ទីតាំងមិនអនុវត្តតាមរួចមក នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោករស់ សុភក្តិ អភិបាលរងខណ្ឌ បានដឹកនាំមន្ត្រីជំនាញចុះទៅរុះរើចេញពីដីចំណីផ្លូវសាធារណៈ បានធ្វើឲ្យម្ចាស់សំណង់មានការខឹងសម្បារ ដោយប្រើប្រាស់កាយវិការនិងពាក្យសំដីមិនសមរម្យមកលើកម្លាំងចម្រុះពេលចុះអនុវត្តវិធានការរដ្ឋបាល ។

លោករស់ សុភក្តិ អភិបាលរងតំណាងលោកអភិបាលខណ្ឌដែលដឹកនាំកម្លាំងជំនាញចុះរុះរើសំណង់សង់លើដីចំណីផ្លូវ បានប្រាប់ថា  មុនពេលកម្លាំងជំនាញចាត់វិធានការរដ្ឋបាលនៅថ្ងៃនេះ  គឺផ្តើមចេញពីម្ចាស់ទីតាំងមានឈ្មោះ បូ យ៉េង មិនស្តាប់តាមការណែនាំរបស់រដ្ឋបាលខណ្ឌនោះឡើយ ។  រដ្ឋបាលខណ្ឌបានចុះមកណែនាំ២លើក និងចុងក្រោយចេញសេចក្តីជូនដំណឹងម្តងទៀតដើម្បីហាមសាងសង់លើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ តែម្ចាស់សំណង់មិនស្តាប់នោះឡើយនៅតែបំពានសេចក្តីណែនាំរបស់រដ្ឋបាលខណ្ឌ ។  ផ្តើមចេញពីការមិនគោរពតាមការណែនាំនេះហើយទើបរដ្ឋបាលខណ្ឌច្បារអំពៅបានចាត់វិធានការរដ្ឋបាលចុះរុះរើចេញពីលើដីចំណីផ្លូវសាធារណៈ ។

លោកអភិបាលរងបន្តថា  ទៅថ្ងៃខាងមុខទីតាំងដែលសាងសង់សំណង់អត់ច្បាប់នេះស្ថិតក្នុងប្លង់គោលរបស់ក្រសួងរៀបចំ ដែនដី នគរូបនីយ៍កម្មនិងសំណង់ ដែលត្រូវ ពង្រីកផ្លូវអោយធំទូលាយទាំងសង្ខាង  ដូច្នេះចាប់ពីពេលនេះរាល់សំណង់ទាំងដែលសាងសង់នៅអមសង្ខាងផ្លូវត្រូវអនុវត្តការសាងសង់តាមប្លងគោលរបស់ក្រសួងរៀបចំ ដែនដី នគរូបនីយ៍កម្មនិងសំណង់ ទើបអនុញ្ញាតិអោយសាងសង់ ។ នៅពេលក្រុមការងារថ្នាក់ជាតិចាប់ផ្តើមអនុវត្តគម្រោងពង្រីកផ្លូវនៅអមសង្ខាងស្ពានព្រែកសំរោងនិងចាប់ពីគល់ស្ពានព្រែកសំរោងទៅដល់ផ្លូវជាតិលេខ១  រាល់សំណង់ដែលសង់រំលោភយកដីចំណីផ្លូវនិងត្រូវរុះរើចេញទាំងអស់ដោយគ្មានសំណងនោះឡើយ ៕ដោយ៖ សណ្តោស


ចែករំលែក៖