ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី​ចិន កងទ័ព​រំដោះប្រជាជន​ចិន ត្រូវតែ​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់ ក្នុងការ​ប្រឈមមុខ​យោធា

ចែករំលែក៖

ប្រទេសចិន៖ ខណៈដែលចិន កំពុងរងគ្រោះដោយសារជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) និងមានភាពតានតឹងជាមួយអាមេរិកលើបញ្ហាក្ដៅៗដូចជាតៃវ៉ាន់ និងហុងកុង ប្រធានាធិបតីចិន លោកស៊ី ជីន​ពី បានបញ្ជាក់នៅថ្ងៃទី២៦ ខែឧសភាម្សិលមិញថាកងទ័ពរំដោះប្រជាជនចិន ត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់ ក្នុងការប្រឈមមុខយោធា និងពង្រឹងសមត្ថភាពបន្ថែមទៀតដើម្បីអាចទទួលបន្ទុកការងារបន្ថែម

នៅក្រៅកិច្ចប្រជុំសភាប្រជាជនចិន លោក ស៊ី ជីន​ពី ប្រធានាធិបតីចិន និងជាប្រធានគណៈកម្មការមជ្ឈិមយោធា បានថ្លែងនៅចំពោះមុខជាមួយមន្ត្រីយោធាចិនជាច្រើននាក់ដោយសាទរចំពោះកិច្ចការយោធាចិនកន្លងមកក្នុងការទប់ស្កាត់ការរាតត្បាត COVID-19 ក៏ដូចជាការការពារប្រជាជន

ប្រមុខរដ្ឋចិនរូបនេះ ក៏បានបញ្ជាឲ្យកងទ័ពចិន ផ្លាស់ប្តូររបៀបហ្វឹកហាត់ក្នុងអំឡុងពេលជំងឺរាតត្បាតសកលនេះផងដែរ ដើម្បីប្រឈមនឹងបញ្ហាថ្មីៗដោះស្រាយជាមួយស្ថានភាពលំបាកៗ ជាពិសេស គឺការពារដែនអធិបតេយ្យជាតិ សន្តិសុខ និងផលប្រយោជន៍របស់ប្រទេសចិន

កងទ័ព ត្រូវតែហ្វឹកហាត់ខ្លាំងជាងមុន និងត្រៀមខ្លួនក្នុងការប្រយុទ្ធជាមួយសង្គ្រាមជំងឺឆ្លងសកល និងត្រូវបត់បែនតាមកាលៈទេសៈ នេះបើតាមការស្រង់សម្តីរបស់លោកស៊ី ពីសំណាក់ទីភ្នាក់ងារព័ត៌មានចិន Xinhua ដែលបន្តថា វាសំខាន់ណាស់សម្រាប់កងទ័ពចិន ក្នុងការស្រាវជ្រាវរកវិធីហ្វឹកហាត់ថ្មីក្នុងកាលៈទេសៈ COVID-19 ហើយការហ្វឹកហាត់បែបនេះ ក៏ជាកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ជំងឺនេះ និងពង្រឹងសមត្ថភាពកងទ័ព ក្នុងការប្រឈមជាមួយបេសកកម្មយោធាដ៏លំបាកៗ

ការលើកឡើងរបស់អគ្គលេខាធិការបក្សកុម្មុយនីស្តចិនឲ្យយោធាត្រៀមខ្លួនបែបនេះ ធ្វើឡើងបន្ទាប់ពីចិនដំឡើងថវិកាយោធា និងកំពុងមានភាពតានតឹងថ្មីនៅក្នុងតំបន់ តាមរយៈកិច្ចប្រជុំសភាប្រជាជនចិនពេញអង្គលើកទី នៃនីតិកាលទី១៣ ចិនបានសម្រេចដំឡើងថវិកាការពារជាតិ ,ភាគរយដែលស្មើនឹងទឹកប្រាក់ប្រមាណ ១៧៨ពាន់លានដុល្លារ

សូមជម្រាបថា ការពង្រឹងសាច់ដុំនេះ ចំពេលមានភាពតានតឹងថ្មីជាមួយអាមេរិកជុំវិញការគ្រប់គ្រង និងដើមកំណើត COVID-19 កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ បញ្ហាកោះតៃវ៉ាន់ និងច្បាប់សន្តិសុខជាតិហុងកុងជាដើម ចិនមិនសប្បាយចិត្តឡើយ បន្ទាប់ពីរដ្ឋាភិបាលអាមេរិកបានបើកផ្លូវលក់មីស៊ីបំពាក់លើនាវាប្រមាណជា ១៨០លានដុល្លារឲ្យតៃវ៉ាន់ ម្យ៉ាងវិញទៀត រដ្ឋាភិបាលទីក្រុងប៉េកាំងធ្លាប់បានព្រមានជាញយៗថា នឹងបើកប្រតិបត្តិយោធា ប្រសិនបើកោះតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ៕ដោយ៖ស តារា


ចែករំលែក៖