ខេត្តស្វាយរៀង ៖ បុរសម្នាក់ត្រូវបានអ្នកភូមិនិងក្រុមគ្រួសារជួយសង្គ្រោះដឹកយកទៅកាន់មន្ទីរពេទ្យបន្ទាប់ពីឡើងកាប់ដើមឫស្សីហើយចៃដន្យត្រូវគល់ឫស្សីវាត់ត្រូវចិញ្ចើមធ្លាក់មកលើភ្នក់ភ្លើងនៅខាងក្រោមបណ្តាលឲ្យឆេះរលាករលួយពេញខ្លួនកាលពីវេលាម៉ោង៧និង១៨នាទី ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះសំ សារិន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាងផ្ទះ រស់នៅភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
តាមអ្នកភូមិបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសដែលមានមុខរបរជាជាងផ្ទះបានដុតភ្នក់ភ្លើងក្បែរគុម្ពឫស្សី រួចក៏ឡើងកាប់ដើមឫស្សីលើគុម្ពដើម្បីចាក់ដីភូមិ ខណៈកំពុងកាប់ដើមឫស្សីចៃដន្យអីស្រាប់តែគល់ឫស្សីដាច់វាត់ត្រូវចំចិញ្ចើមធ្លាក់មកលើភ្នក់ភ្លើងនៅខាងក្រោមបណ្តាលឲ្យឆេះរលាកពេញខ្លួនបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងឃើញទាន់ក៏រត់មកជួយលើកចេញពីភ្នក់ភ្លើង និងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបភ្លាមៗ នេះជាសំណាងហើយបានអ្នកភូមិឃើញទាន់កុំអីមិនដឹងមានវាសនាយ៉ាងណានោះទេ៕ដោយ៖យឹម សុថាន