ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់ប្រហារជីវិតកសិករម្នាក់ខណៈកំពុងព្រោះស្រូវពេលមេឃរកកលធ្លាក់ភ្លៀង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអាធ័មបំផុតដោយសារតែគ្រោះធម្មជាតិរន្ទះបាញ់នៅគ្រាដែលជនរងគ្រោះកំពុងបាចព្រោះស្រូវក្នុងស្រែ ខណៈមេឃកំពុងរកកលភ្លៀង ។

 ហេតុការណ៍គ្រោះធម្មជាតិខាងលើនេះបានកើតឡើងនៅវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចបឹងខ្នាយមាន់ ស្ថិតក្នុងភូមិជីចេះ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 លោក វរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរបានប្រាប់ថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ សាំង ឆៃលី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធនិងកូនប្រុសស្រីចំនួន ២នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 លោកអធិការនគរបាលបន្តទៀតថា មុនកើតហេតុគេឃើញជនរងគ្រោះកំពុងព្រោះស្រូវនៅក្នុងស្រែរបស់គាត់ ខណៈនោះផ្ទៃមេឃប្រែជាពណ៌ខ្មៅរកកលចង់ភ្លៀង(រលឹម) លាយឡំទៅដោយខ្យល់ផ្គរ ផ្លេកបន្ទោរ  ហើយរំពេចនោះក៏ស្រាប់តែមានរន្ទះបាញ់បណ្ដាលឲ្យជនរងគ្រោះស្លាប់តែម្តង។ សមត្ថកិច្ចនគរបាលបានសហការគ្នាចុះពិនិត្យ និងស្រាវជ្រាវ ដើម្បីធ្វើកំណត់ហេតុរាយការណ៍អំពីករណីគ្រោះធម្មជាតិនេះ ជូនទៅថ្នាក់លើបានជ្រាបផងដែរ៕ ដោយៈ បុឹម ពិន


ចែករំលែក៖