ព័ត៌មានទាន់ហេតុការណ៍៖

ពីរនាក់ឪពុកនិងកូន នាំគ្នាទៅឆ្លុះកង្កែបពេលមេឃ​កំពុងភ្លៀងត្រូវរន្ទះបាញ់ឪពុកស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ អាសូរបុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធម័ ពេលមេឃកំពុងភ្លៀងហើយនាំកូនប្រុសទៅឆ្លុះកង្កែបខាងត្បូង​តំបន់វាលបុស្សលៀប ស្ថិតនៅភូមិស្រីរងិត ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។ ឧបទ្ទវហេតុនេះកើតឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង ១៩ និង ៣០នាទីយប់ នៅចំណុចខាងត្បូងវាលបុស្សលៀប ស្ថិតនៅភូមិស្រីរងិត ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តពង់ធំ។

សមត្ថកិច្ចទទួល​បាន​ព័ត៌មាន​នៅថ្ងៃទី​២៩ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង ០៦ និង ៥០នាទីព្រឹក។

​សពជនរងគ្រោះឈ្មោះ ស៊ត ប្រាក់​ ភេទប្រុស​ អាយុ ៤៩ឆ្នាំ ជនជនជាតិខ្មែរ រស់នៅភូមិ​ស្រីរងិត ឃុំ​ចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។

តាមការបំភ្លឺពីឈ្មោះ​ ប្រាក់ វ៉ាន់ថា ភេទប្រុស អាយុ ១៥ឆ្នាំ ត្រូវជាកូន បានបញ្ជាក់ថា៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ៧ យប់​ ខ្លួននិង ឪពុកបានចេញទៅឆ្លុះកង្កែបពេលមេឃ​កំពុងភ្លៀង ដោយខ្លួននិងឪពុកដើរឆ្លុះឆ្ងាយពីគ្នាចម្ងាយប្រហែល​២៥ម៉ែត្រ ដល់ចំណុចខាងត្បូង​តំបន់វាលលៀប ស្ថិតនៅភូមិស្រីរងិត ឃុំចំណាក្រោម ស្រាប់តែរន្ទះបានបាញ់ ឪពុករបស់ខ្លួន ហើយខ្លួនបានរត់ទៅមើល ឃើញឪពុកដួលផ្កាប់ មុខនិងដីស្លាប់ទៅហើយ និងបានរត់មកប្រាប់ម្តាយនៅឯផ្ទះ។
ទទួលបាន​ព័ត៌មានភ្លាមសមត្ថកិច្ចជំនាញ​នគរបាលស្រុកស្ទោង សហការ​ជាមួយ​ អាជ្ញាធរមូលដ្ឋាន ភូមិ​ / ឃុំ​ បានចុះទៅពិនិត្យសព ឃើញថា​ សក់របស់សពឆេះរួញ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីឡើយ ។​សមត្ថកិច្ចសន្និដ្ឋានថា៖ ជនរងគ្រោះស្លាប់បណ្តាលមកពីរន្ទះបាញ់ពិតមែន។

បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយសព បានប្រគល់​ជូន​ប្រពន្ធឈ្មោះ សាំង​ ស៊ីន យកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សូរិយា


ចែករំលែក៖