ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរចុះចែកម៉ាស់ សាប៊ូ ជូនបងប្អូនកម្មករ កម្មការិនី រោងចក្រនៅស្រុកអង្គស្នួល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តកណ្តាល៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការឧបត្ថម្ភគាំទ្រពីលោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកអង្គស្នួល អាជ្ញាធរស្រុក និងមន្ទីរពាក់ព័ន្ធនានាបានចុះចែកម៉ាស់ សាប៊ូ ជូនបងប្អូនកម្មករ កម្មការិនី រោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី (BOWKER GAMEMT FACTORY)ស្ថិតនៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

មានប្រសាសន៍សំណេះសំណាលទៅកាន់ បងប្អូនកម្មករ កម្មការិនី លោក នៃ ចារី បានណែនាំអំពីវិធានការការពារខ្លួនប្រាណ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាដើម្បីការពារខ្លួនឯងផងដែរ។

លោកបានផ្ដាំផ្ញើដល់បងប្អូនកម្មករ កម្មការិនីទាំងអស់មិនត្រូវមានការធ្វេសប្រហែសជាមួយជំងឺកូវីដ-១៩ឡើយ បើទោះបីជានៅប្រទេសកម្ពុជារបស់យើង មានស្ថានភាពប្រសើរក៏ដោយក្ដី តែនៅទូទាំងពិភពលោកមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។
ដូច្នេះយើងត្រូវតែអនុវត្តឱ្យបានជាប្រចាំនូវការសម្អាតអនាម័យខ្លួនប្រាណ លាងសម្អាតដៃជាមួយសាប៊ូ អាល់កុលឬជែល ចេញក្រៅត្រូវពាក់ម៉ាស់ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

លោកអភិបាលរងខេត្ត បានស្នើដល់បងប្អូន កម្មករ កម្មការិនី ទាំងអស់ក្នុងករណីមិនស្រួលខ្លួន ឬមានការសង្ស័យថាបានឆ្លងជំងឺកូវីដ-១៩ សូមទាក់ទងទៅអាជ្ញាធរ អ្នកដែលផ្តល់សេវាសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិត ដើម្បីទទួលបានការធ្វើតេស្តពិនិត្យសុខភាព និងព្យាបាលបានទាន់ពេលវេលា។ ព្រោះថាបញ្ហាសុខភាពគឺជារឿងសំខាន់ណាស់ យើងមិនត្រូវមើលរំលងឡើយ ក្នុងការថែទាំសុខភាពឲ្យបានល្អប្រសើរ ពោលគឺការពារប្រសើរជាងព្យាបាល ដែលតម្រូវឲ្យយើងទាំងអស់គ្នាត្រូវតែស្អាត និងមានអនាម័យជានិច្ច ត្រូវចេះការពារខ្លួនយើង ក៏ដូចការពារបងប្អូន មិត្តភក្ដិ ក្រុមគ្រួសារយើង កុំឲ្យឆ្លងនូវជំងឺផ្សេងៗមិនថាតែជំងឺកូវីដ-១៩នោះឡើយ។

គួរបញ្ជាក់ផងដែរថា ទូទាំងស្រុកអង្គស្នួលមានរោងចក្រទាំងអស់ចំនួន ៦៧រោចក្រ និងមានចំនួនកម្មករ កម្មការិនី សរុប៦៥,៧៤៥នាក់ ក្នុងនោះ រោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី (BOWKER GAMEMT FACTORY) មានកម្មករ កម្មការិនី ចំនួន ៣.៩៥៧ នាក់ ដោយម្នាក់ៗទទួលបានម៉ាស់ចំនួន២ និងសាប៊ូមួយដុំ៕ដោយ៖ ឆ ដា


ចែករំលែក៖