ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីប៉ុនប៉ងរំលោភក្មេងស្រីអាយុ៩ឆ្នាំមិនបានសម្រេច

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ជនសង្ស័យ ២នាក់ក្នុងចំណោមបក្ខពួក ៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ចាប់ដាក់ខ្នោះដៃជាប់គ្នាពាក់ព័ន្ធករណីរំលោភសេពសន្ថវ: លើកុមារី អាយុ ៩ឆ្នាំម្នាក់នៅគ្រាដែលឪពុកម្ដាយកុមារីរងគ្រោះមិននៅផ្ទះ ។

យោងតាមរបាយការណ៍និងការបញ្ជាក់ពីលោក វរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញនាព្រឹកថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ប្រាប់ឲ្យដឹងតាមរយៈទូរស័ព្ទថា ជនសង្ស័យដែលឃាត់ខ្លួនបានមានទី១ ឈ្មោះ វឿន វី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ ផាន់ ផា ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ និងទី៣ ឈ្មោះ សំ បូរ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ(គេចខ្លួន)។ទាំង៣នាក់ រស់នៅចំណុចមុល ស្ថិតក្នុងភូមិក្សត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ចំណែកកុមារីរងគ្រោះ អាយុ ៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកឪពុកម្តាយ ។

ប្រភពព័ត៌មានខាងលើបន្តថា មុនកើតហេតុគឺនៅវេលាម៉ោង៧ យប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ
ក្រុមជនសង្ស័យទាំង៣នាក់ បានដឹកបង្គោលរបងឈើទៅលក់នៅម្ដុំវត្តសន្រ្ទែចាស់ តាមគោយន្តនិងផឹកសុីស្រវឹងផងដែរ។ នៅពេលជនសង្ស័យទាំង៣នាក់ត្រឡប់មកវិញដល់ចំណុចមុខផ្ទះកុមារីរងគ្រោះ ហើយពួកគេមានអាកប្បកិរិយាបែបមិនស្រួល ធ្វើឲ្យជនរងគ្រោះ២នាក់បងប្អូនដែលមានឈ្មោះ គឹម ចាន់មករា ភេទប្រុស អាយុ ១១ឆ្នាំ(បង) និងកុមារីរងគ្រោះ(ប្អូន)មានការភិតភ័យបាននាំគ្នារត់ចូលផ្ទះពួនរួចបិតទ្វារ ។ គ្រានោះឈ្មោះ វឿន វី និងឈ្មោះ ផាន់ ផា ចុះពីលើគោយន្តដើរសំដៅចូលផ្ទះកុមារា និងកុមារីទាំង២។ចំណែកឈ្មោះ សំ បូរ រត់ទៅដេកចាំនៅលើគោយន្ត ។ បន្ទាប់មក ឈ្មោះវឿន វី និងផាន់ ផា បានសម្រុកចូលបើកទ្វារផ្ទះរួចនិយាយកុហកប្រាប់ឈ្មោះ គឹម ចាន់មករា ជាបងថា គោឯងផ្អើលអ្វីទេនៅក្រោយផ្ទះ។ពេលឮដូច្នេះ កុមារាជាបងបានរត់ទៅមើលគោនៅក្រោយផ្ទះ ប៉ុន្តែមិនឃើញអ្វីទេ។ គ្រានោះក៏ឮសំឡេងប្អូនស្រីយំខ្លាំងៗទើបកុមារាជាបងរត់ត្រឡប់មកផ្ទះវិញ ឃើញឈ្មោះ វឿន វី កំពុងបីប្អូនស្រី និងយកដៃខ្ទប់មាត់នាងបណ្តាលឲ្យសន្លប់បាត់បង់ស្មាតីឈឹងតែម្តង។

ប្រភពដដែលបានឲ្យដឹងទៀតថាដោយឃើញដូច្នេះកុមារា(គឹម ចាន់មករា បានស្រែកហៅគេឯងឲ្យជួយ ធ្វើឲ្យឈ្មោះ ផាន់ ផា ភ័យបើកគោយន្តរត់ ចំណែកឈ្មោះ វឿន វី បានបីប្អូនស្រីរត់តាមគោយន្តបានចម្ងាយប្រមាណ១០០ម៉ែត្រ ទើបបោះកុមារីរងគ្រោះចូលក្នុងកម្ពោតព្រៃរួចរត់ឡើងជិះគោយន្តបម្រុងគេចខ្លួន។ លុះជិះដល់តូបលក់ឥវ៉ាន់ចាបហួយពួកគេនាំគ្នាអង្គុយផឹកស្រាបន្តទៀតហាក់ដូចជាមិនដឹងរឿងអី ទើបកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទៅដល់ឃាត់ខ្លួនបាន២នាក់ ឯម្នាក់ទៀតគេចខ្លួនបាត់តែម្តង។

ប្រភពដដែលបន្តទៀតថា ជនសង្ស័យទាំង ២នាក់(វឿន វី និងផាន់ ផា)ក្រោយសមត្ថកិច្ចឃាត់ខ្លួនបានក៏នាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ។នៅពេលនោះ ក្រុមជនសង្ស័យនិយាយថាពួកខ្លួនស្រវឹងស្រាអត់ដឹងអ្វីទេ តែសមត្ថកិច្ចមានចំណាត់ការតាមផ្លូវច្បាប់រួចទៅហើយព្រោះជាបទល្មើសជាក់ស្តែង។
លោកអធិការអះអាងថា នេះជាករណីប៉ុនប៉ងរំលោភសេពសន្ថវ:មិនបានសម្រេច ទោះបីក្មេងស្រីរងគ្រោះយកទៅធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យពុំរកឃើញមានដាច់រលាត់ប្រដាប់ភេទក៏ដោយ។

គួររំលឹកផងដែរថា ករណីរំលោភសេពសន្ថវៈនៅស្រុកភ្នំក្រវាញ នេះបើគិតចាប់ពីចុងខែមេសារហូតមកដល់ដើមខែមិថុនា ឆ្នាំ២០២០ នេះ កើតមានឡើងចំនួន ៥ករណីកន្លងមកហើយ ៕ ដោយ៖ បុឹម ពិន

 


ចែករំលែក៖