អឺរ៉ុប៖កន្លងមកមានតែអាមេរិកប៉ុណ្ណោះ ដែលបានថ្កោលទោសនិងស្នើដល់ប្រទេសផ្សេងទៀតមិនត្រូវប្រើអំពើហិង្សាលើក្រុមបាតុករឡើយ តែពេលនេះសហគមន៍អន្តរជាតិ ពិសេសគឺប្រទេសជាសម្ពន្ធមិត្តអាមេរិកក្នុងតំបន់អឺរ៉ុបបានស្នើដល់អាមេរិកមិនត្រូវប្រើអំពើហិង្សា លើសលប់ទៅលើក្រុមបាតុករជនជាតិស្បែកខ្មៅឡើយ។
មន្ត្រីជាន់ខ្ពស់របស់សហគមន៍អឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសបានស្នើដល់កម្លាំងសន្តិសុខអាមេរិកមិនត្រូវ ស្អប់ខ្ពើម រើសអើងជនជាតិស្បែកខ្មៅនោះឡើយ។ ទន្ទឹមនឹងនោះក៏បានអំពាវនាវដល់អាមេរិកឲ្យបញ្ឈប់សកម្មភាពប្រើហិង្សាលើក្រុមបាតុករ ហើយត្រូវតែគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ។
សារព័ត៌មាន AFP បានដកស្រង់សម្តីលោកJosep Borrell ទទួលបន្ទុកកិច្ចការបរទេសរបស់សហគមន៍អឺរ៉ុប EU នៅថ្ងៃទី២ ខែមិថុនានេះបានអំពាវនាវដល់អាមេរិករក្សាការអត់ធ្មត់មិនត្រូវប្រើហិង្សាហួសហេតុទៅលើក្រុមបាតុករឡើយ។
លោកJosep Borrell បានបញ្ជាក់ថា «ទាំងនោះជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ មិនថាអាមេរិកឡើយប្រទេសណាដែលរំលោភបំពានសិទ្ធិមនុស្ស គឺត្រូវតែមានសកម្មភាពប្រឆាំងតបវិញ ។ យើងខ្ញុំនៅអឺរ៉ុបក៏ដូចជាពលរដ្ឋអាមេរិកពិតជាតក់ស្លុតខ្លាំងណាស់ចំពោះការស្លាប់របស់ George Floyd ក្រោមថ្វីដៃរបស់ប៉ូលិសអាមេរិក»។
នៅពេលនេះដែរប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានគម្រោង ដាក់ពង្រាយកម្លាំងទាហានរាប់ពាន់នាក់ប្រដាប់ដោយអាវុធដើម្បីរៀបចំសន្តិសុខសណ្តាប់ធ្នាប់ឡើងវិញ។ បើទុកឲ្យស្ថានភាពបែបនេះអូសបន្លាយ លោកត្រាំនិឹងបាត់ការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋអាមេរិក នៅពេលនោះក្តីសង្ឃឹមថានឹងជាប់ឆ្នោតអាណត្តិទីពីររបស់លោកត្រាំត្រូវបាត់បង់៕ដោយ៖ធី រីណា