ភ្នំពេញ៖ ក្រោមក្របខណ្ឌហិរញ្ញប្បទានឥតសំណងនៃគម្រោងការពារទឹកជំនន់ និងប្រព័ន្ធប្រឡាយលូជំហានទី៤ អង្គការJICA បានសម្ពោធ
ដាក់ឱ្យដំណើរការនូវម៉ាស៊ីនស្ទាក់យក សំរាម ផ្សារចាស់ ស្របមាត់ទន្លេ ខណ្ឌដូនពេញ ដោយស្វ័យប្រវត្តិពីប្រឡាយ លួ និងពីស្ថានីយ នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០។
តាមការបញ្ជាក់ឲ្យដឹងពីលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញថា៖ ម៉ាស៊ីនស្ទាក់យកសំរាមដោយស្វ័យប្រវត្តិទាំងបួនទីតាំងនេះមានតម្លៃសរុបជាង១១៥លានដុល្លារអាម៉េរិក។ ក្នុងគម្រោង ដំឡើង៤ទីតាំង ដោយបានដាក់ដំណើរការបានចំនួន២ទីតាំង (ផ្សារកណ្តាល និងព្រះគម្លង់) ឯ២ទីតាំងទៀត មិនទាន់ដាក់ឱ្យដំណើរការទេ គឺនៅចតុមុខ និងផ្សារចាស់។ អេក្រង់មេកានិចថ្មីនេះ សំរាមត្រូវបានយកចេញដោយម៉ាស៊ីនស្វ័យប្រវត្តិ ហើយផ្ទេរចេញក្រៅដោយឧបករណ៍មេកានិចផងដែរ។
លើសពីនេះ អេក្រង់មេកានិចថ្មីនឹងចូលរួមចំណែកក្នុងការរក្សាប្រព័ន្ធលូនៅក្នុងទីក្រុងឱ្យមានភាពល្អប្រសើរ ផ្តល់សុវត្ថិភាពក្នុងការងារប្រតិបត្តិ ព្រមទាំងការពារបរិស្ថានទឹក លុបបំបាត់សំរាមចេញពីប្រព័ន្ធលូ។
សូមបញ្ជាក់ថា គម្រោងការពារទឹកជំនន់ជំហានទី៤ ដែលបានសម្ពោធដាក់ឱ្យដំណើរការនូវឧបករណ៍ស្ទាក់សំរាមដោយស្វ័យប្រវត្តិនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លេខាទីមួយនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ទីភ្នាក់ងារJICA ក្រុមហ៊ុនប្រឹក្សា CTI និងក្រុមហ៊ុនម៉ៅការសំណង់TOA របស់គម្រោងផងដែរ៕ ដោយ៖សំរិត