ខេត្តកណ្ដាល៖ បុរសម្នាក់តខ្សែភ្លើងចេញពីផ្ទះចុះទៅក្នុងត្រពាំងទឹកចម្ងាយប្រហែលជាង១០ម៉ែត្រ ដើម្បីឆក់ត្រីយកមកធ្វើម្ហូប តែខុសបច្ចេកទេសបែរជាឆក់ខ្លួនឯងស្លាប់ទៅវិញ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៨និង២០នាទី ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០វេលាម៉ោង៨និង២០នាទី ស្ថិតនៅភូមិព្រៃផ្ចឹក២ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រិន វិបុល ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិរូង ឃុំចក ស្រុករំដួល ខេត្តស្វាយរៀង។ ចំណែកវត្ថុតាងដកហូតបានមាន ខ្សែភ្លើងប្រវែង២៥ម៉ែត្រនិងដងឫស្សីប្រវែង២ម៉ែត្រ មានចងដែកស្នជាប់ជាមួយសម្រាប់ឆក់ត្រី។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ស្ត្រីឈ្មោះ ឃីម ណារី ភេទស្រី.អាយុ៣២ឆ្នាំបានឲ្យដឹងថា ជនរងគ្រោះបានសុំទៅដើររកត្រីនិងកង្កែប។ លុះមួយសន្ទុះធំក្រោយមក ស្រាប់តែមានគេរត់មកប្រាប់ថា ជនរងគ្រោះបានតខ្សែភ្លើងឆក់ត្រី ឥឡូវឆក់ខ្លួនឯងស្លាប់បាត់ទៅហើយ ទើបរត់ទៅមើល តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
បន្ទាប់ពីសមត្ថកិច្ចជំនាញទទួលព័ត៌មានខាងលើភ្លាមក៏បានចុះមកកន្លែងកើតហេតុ ដោយសហការជាមួយ គ្រូពេទ្យ ធ្វើការពិនិត្យលើសពជនរងគ្រោះឃើញថាពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេគឺជនរងគ្រោះពិតជាស្លាប់ដោយសារត្រូវចរន្ដអគ្គិសនីឆក់ប្រាកដមែន។ សពបានប្រគល់ជូនក្រុមគ្រួសារ ជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ស្អាងជ័យ