ស្ថានភាពកូវីដ-១៩នៅលើពិភពលោកបន្តកើនឡើងដដែល ដោយមកទល់ពេលនេះ មានអ្នកឆ្លងជាង៦,៦លាននាក់ហើយជុំវិញពិភពលោក។ ប្រទេសជាច្រើនក៏បានសម្រេចបើកទ្វារសេដ្ឋកិច្ចរបស់ខ្លួន។ អង្គការសុខភាពពិភពលោក បានព្រមានថា ហានិភ័យនៃការឆ្លងកូវីដ-១៩ លើកទីពីរ អាចនឹងគ្រោះថ្នាក់ជាងមុនបើមិនមានវិធានការទប់ស្កាត់បានល្អ ក្នុងពេលបើកទ្វារដំណើរការសេដ្ឋកិច្ច ។
គិតមកដល់សុក្រថ្ងៃទី ៥ខែមិថុនា អ្នកជំងឺកូវីដ-១៩ នៅជុំវិញពិភពលោក បានកើនឡើង ជាង ៦,៦ លាននាក់ ។ បើតាមការចេញផ្សាយរបស់ Worldometers ដែលជាគេហទំព័រតាមដាន និងផ្សព្វផ្សាយតួលេខ អំពីអ្នកជំងឺកូវីដ-១៩ នៅលើពិភពលោក បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន អ្នកឆ្លងជំងឺនេះបានកើនឡើងជាង ៦ ៦៩២ ៥២២ នាក់ ។
ប្រភពបន្តថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ ទាំងនោះ មាន ៣៩២ ២៨៦ នាក់បានបាត់បង់ជីវិត ។ ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា អ្នកជំងឺ ៣ ២៣០ ១០៤ នាក់ បានជាសះស្បើយផងដែរ ។
សូមបញ្ជាក់ថា វីរុសកូវីដ-១៩ ផ្ទុះឡើងដំបូងគេ នៅក្នុងខែធ្នូ ឆ្នាំ២០១៩ នាទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន ។ មកទល់នឹងបច្ចុប្បន្ននេះ អ្នកជំនាញវេជ្ជសាស្ត្រ មិនទាន់រកឃើញថ្នាំព្យាបាល ឬវ៉ាក់សាំងបង្ការជាក់លាក់នៅឡើយ។
សហរដ្ឋអាមេរិក, ប្រេស៊ីល, រុស្ស៊ី, អេស្ប៉ាញ, អង់គ្លេស ។ល។ ជាប្រទេសដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនជាងគេបំផុត ខណៈជំងឺនេះ ត្រូវគេដឹងថា បានឆ្លងរាតត្បាតនៅលើដែនដី និងប្រទេស ប្រហែល២៩៩នៅជុំវិញពិភពលោក ៕ដោយ៖ធី រីណា