ខេត្តតាកែវ ៖ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនលោក ឈុន សុមេធា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តតាកែវ និងបក្ខពួកម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជាង៣គីឡូក្រាម។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជុំវិញបញ្ហានេះ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ថ្លែងប្រាប់អង្គភាពសារព័ត៌មាន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះថា លោកពុំទាន់បានដឹងរឿងនេះនៅឡើយទេ។
ដោយឡែក លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានប្រាប់អង្គភាពសារព័ត៌មាន ថា ៖ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បាននាំខ្លួនលោក ឈុន សុមេធា មកឆែកឆេររកវត្ថុតាងបន្ថែមទៀត នៅផ្ទះរបស់គាត់ស្ថិតនៅ ភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ដោយរកឃើញវត្ថុតាងមួយចំនួនទៀត។
បច្ចុប្បន្ននេះ លោក ឈុន សុមេធា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តតាកែវ និងបក្ខពួកម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមផ្លូវច្បាប់។
លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធត្ថលើផ្ទៃប្រទេស មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបាននៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល៕
ដោយ៖ស សម