ទីក្រុងហុងកុង៖ នៅល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ សភាហុងកុង បានអនុម័តសេចក្តីស្នើច្បាប់ស្តីពីភ្លេងជាតិចិនចូលជាធរមាន ហើយប្រជាជនក្នុងទីក្រុងហុងកុងទាំងអស់ ត្រូវតែគោរពតាម ។ ដោយក្នុងសំណើច្បាប់ភ្លេងជាតិនេះ បានចែងពីការដាក់ទណ្ឌកម្មលើជនទាំងឡាយណា ដែលប្រមាថភ្លេងជាតិចិន។ ចំណែកអ្នកបំពាន នឹងត្រូវរងពិន័យជាប្រាក់រហូតដល់ជាង ៦ពាន់ដុល្លារ ឬអាចជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ឬអាចពិន័យជាប្រាក់ និងដាក់ពន្ធនាគារជាមួយគ្នា។
មិនត្រឹមតែប៉ុណ្ណោះ គ្រប់បឋមសិក្សា និងអនុវិទ្យាល័យ ក៏ត្រូវបង្រៀនសិស្សឲ្យចេះច្រៀងភ្លេងជាតិចិន និងប្រវត្តិសាស្ត្រចិនផងដែរ។ចំណែកបុគ្គល និងអង្គការផ្សេងទៀត គួរតែគោរពនិងប្រតិបត្តិភ្លេងជាតិនេះ ឲ្យបានត្រឹមត្រូវក្នុងឱកាស ឬពិធីណាមួយដែរ។
គួរបញ្ជាក់ថា ក្នុងអំឡុងពេល អនុម័តសេចក្តីស្នើច្បាប់នេះ មានសមាជិកសភាចំនួនពីរនាក់បានចេញតវ៉ា និងបោះទឹកស្អុយម្យ៉ាង នៅចំពោះមុខសមាជិកសភាទាំងអស់ ដើម្បីតវ៉ាជុំវិញ បញ្ហារដ្ឋបាលទីក្រុងហុងកុងហាមមិនឲ្យប្រជាជនជួបជុំគ្នារំឭកពិធីការបង្ក្រាបនៅទីលានធានអានមិន។បន្ទាប់ពីមានការពិភាក្សាច្រើនលើនៅក្នុងសភា និងបាតុកម្មរបស់ប្រជាជននៅក្នុងទីក្រុងនាពេលកន្លងមក ពេលនេះសភាហុងកុង បានអនុម័តសេចក្តីស្នើច្បាប់ភ្លេងជាតិចិនហើយ។ ការអនុម័តនេះ គឺទទួលបានសំឡេងគាំទ្រចំនួន៤១ និងប្រឆាំង ១សំឡេង។ សមាជិកសភាហុងកុងដែលមាននិន្នាការទៅរកលទ្ធិប្រជាធិបតេយ្យ បានបដិសេធមិនបោះឆ្នោតលើសេចក្តីព្រាងច្បាប់នេះឡើយ។
បើតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asiaបានឲ្យដឹងថាក្នុងអំឡុងពេលអនុម័តសេចក្តីស្នើច្បាប់ភ្លេងជាតិចិននេះសមាជិកសភាដែលមាននិន្នាការទៅរកលទ្ធិប្រជាធិបតេយ្យចំនួនពីររូប បានចោលទឹកស្អុយម្យ៉ាងនៅចំពោះមុខសមាជិកសភាហុងកុងទាំងអស់។ ទង្វើរបស់សមាជិកសភាទាំងពីរនេះ គឺធ្វើឡើងដោយសារតែ រដ្ឋបាលហុងកុង បានហាមឃាត់ប្រជាជន មិនឲ្យជួបគ្នា ដើម្បីរលឹកខួបនៃការបង្ក្រាបរបស់បក្សកុម្មុយនីស្តចិននៅទីលានធានអានមិនក្នុងឆ្នាំ ១៩៨៩ ។ ចំពោះការហាមឃាត់របស់រដ្ឋបាលហុងកុង គឺផ្អែកទៅតាមហេតុផលបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស ស្របពេលប្រជាជនហុងកុងចាប់ផ្តើមធ្វើបាតុកម្មឡើងវិញ ដើម្បីប្រឆាំងនឹងផែនការសេចក្តីស្នើច្បាប់សន្តិសុខជាតិចិន និងសេចក្តីស្នើច្បាប់ភ្លេងជាតិចិន។
គួរបញ្ជាក់ទៀតថា ទីក្រុងហុងកុង ក្នុងឆ្នាំ១៩៩៧ ត្រូវបានអង់គ្លេសប្រគល់ឲ្យមកចិនវិញ ។ តាមរយៈកិច្ចព្រមព្រៀងនេះ ចិនត្រូវតែធានាពីសេរីភាព និងការរស់នៅរបស់ប្រជាជនហុងកុង ដែលត្រូវបានការពារដោយគោលការណ៍«ប្រទេសមួយ ប្រព័ន្ធពីរ»៕ដោយ៖ស តារា