ភ្នំពេញ៖ ចំណាយពេលវេលាប្រមាណ៩ខែហើយនៅលើទឹកដីនៃបណ្តាប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប ក្រោយពីនាងចេញទៅច្រៀងរាំលើកដំបូងក្រោយពីប្រកាសចូលប្រឡូងក្នុងការងារសិល្បៈឡើងវិញ។ នាងនៅមិនទាន់វិលមកទឹកដីកំណើតទេ ស្របពេលហេតុផល២ដែលកំពុងលេចឡើងក្នុងចង្កោមអ្នកសិល្បៈគឺដោយសារជំងឺរាតត្បាតកូវីដ-១៩ និងជួបរឿងស្នេហាបុរសទ្រព្យស្តុកម្នាក់។
តារាចម្រៀង ឡាយ លក្ខិណា បានទៅច្រៀងរាំងរកលុយនៅប្រទេសកាណាដាកាលពីអំឡុងខែសីហា ឆ្នាំ២០១៩មកម្ល៉េះដែលតាមការគ្រោងទុក តារាចម្រៀង និងសម្តែងរូបនេះ ត្រូវវិលមកកម្ពុជាវិញក្នុងអំឡុងចុងឆ្នាំ២០១៩មក ប៉ុន្តែត្រូវបានពន្យាពេល។ ពន្យារហូតដល់មានការរីករាលដាលនៃជំងឺកូវីដ-១៩ រហូតមានការលើកឡើងថានាងអាចនឹងមិនមានឱកាសវិលចូលស្រុកវិញព្រោះតែជំងឺដ៏កាចសាហាវមួយនេះ។ ទោះជាយ៉ាងណាក្នុងចង្កោមអ្នកសិល្បៈលើកឡើងថា តារាស្រីរូបនេះមិនវិលវិញទេគឺអាចនឹងជួបស្នេហានៅលើទឹកដីនៃប្រទេសនេះផងដែរ ហើយបាននឹងកំពុងស្វែងរកសិទ្ធិជ្រកកោនរស់នៅទីនោះ។ ប្រភពថានាងមានបុរសម្នាក់ជាជនជាតិខ្មែរសញ្ញាតិកាណាដា ដែលតាមស្រលាញ់ហើយក៏ជាអ្នកមានទ្រព្យស្តុកស្តម្ភម្នាក់។ មុនពេលចេញពីកម្ពុជា តារាស្រីរូបនេះបានបង្ហើបពីគម្រោងចេញផលិតបទចម្រៀងថ្មីមួយចំនួននៃផលិតកម្ម Sandapl Productionដែលគេស្គាល់ថាជាផលិតកម្ម របស់បុរសរូបនេះផងដែរ។
គេចាំបានដែរថាមុនពេលចេញទៅកាណាដា នាងឡាយ លក្ខិណា បានបញ្ជាក់ថានាងនឹងចេញថត បទចម្រៀងឱ្យផលិតកម្ម Sandapl ព្រោះនាងមានកុងត្រាជាមួយផលិតកម្មនេះ ហើយ នាងថែមទាំងមានតួនាទីនៅក្រុមហ៊ុន Sponsor មួយនៅកាណាដា ដែលមានសិទ្ធិក្នុងការជ្រើសរើសតារាពីស្រុកខ្មែរ ទៅច្រៀងនៅកាណាដា ទៀតផង៕ដោយ៖វឌ្ឍនា