ប្រទេសប្រេសុីល៖ កាលពីថ្ងៃទី៥ ខែមិថុនា ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានព្រមានថានឹងដកប្រេស៊ីលចេញពីអង្គការសុខភាពពិភពលោក WHO ដោយចោទប្រកាន់អង្គការនេះ កំពុងតែក្លាយទៅជាគណបក្សនយោបាយមួយ ក្រោយសកម្មភាពពាក់ព័ន្ធនិងការឆ្លងរាលដាលកូវីដ-១៩។
នៅក្នុងសន្និសីទកាសែត លោក Jair Bolsonaro បានប្រកាសថា « អាមេរិកបានដកខ្លួនចេញពីអង្គការWHO ហើយប្រេស៊ីល ក៏បានត្រួតពិនិត្យ ដកខ្លួនចេញពីអង្គការនេះដែរ ។ ប្រេស៊ីលមិនត្រូវការ វិធានការណែនាំពីWHOក្នុងការដោះស្រាយការឆ្លងរាលដាលកូវីដ-១៩។
ការប្រកាសខាងលើរបស់មេដឹកនាំប្រេស៊ីល ក្រោយពេលអង្គការWHO ប្រកាសពីរឿងអាក្រក់កើតឡើងនៅក្នុងប្រទេសនេះ ប្រសិនបើលុបច្បាប់គម្លាតសង្គមប្រឆាំងកូវីដ-១៩នោះ។
ការលើកឡើងរបស់ប្រធានាធិបតីប្រេស៊ីល កើតឡើងក្រោយពេលដែលប្រទេសនេះមានការឆ្លងរាលដាលកូវីដ-១៩ច្រើនលំដាប់ទីពីរនៅលើពិភពលោក។
តាមតួលេខថ្មីបំផុត ប្រេស៊ីលមានករណីស្លាប់ដោយកូវីដ-១៩ ដល់ទៅ១០០៥នាក់ ក្នុងរយៈពេល២៤ម៉ោង ធ្វើឲ្យចំនួនអ្នកស្លាប់ កើនឡើងដល់ទៅ៣៥ ០២៦នាក់ ។ ចំណែកអ្នកឆ្លងវិញមានរហូតដល់ទៅជាង ៣ម៉ឺននាក់ ក្នុងរយៈពេល២៤ម៉ោង ធ្វើឲ្យចំនួនអ្នកឆ្លងកើនឡើងដល់៦៤៥ ៧៧១៕ដោយ៖ធី រីណា