ព័ត៌មានទាន់ហេតុការណ៍៖

កម្មការិនីរោងចក្របន្តដួលសន្លប់៧នាក់បន្ថែមទៀតនិងផ្ទុះការតវ៉ាចំពោះថៅកែដែលកាត់លុយពេលកម្មករសន្លប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានកម្មការិនី៧នាក់ទៀតបានបន្តដួលសន្លប់ខណៈដែលកម្មការិនីរងគ្រោះ៤៣នាក់ដួលសន្លប់មុននេះមានការអាការៈធូរស្រាលនិងចូលបម្រើការងារវិញស្រាប់តែផ្ទុះការតវ៉ាចំនួន២ចំណុចចំពោះថៅកែរោងចក្រដែលបានកាត់លុយពេលកម្មករសន្លប់។

ហេតុការណ៍ផ្ទុះការតវ៉ាទាមទារចំពោះថៅកែរោងចក្រ ចំនួន២ចំណុចនេះបានកើតឡើងកាលពីម៉ោង១០និង៤០នាទីព្រឹកថ្ងៃ ទី០៦ខែ មិថុនា ឆ្នាំ២០២០ នៅរោងចក្រធីវ៉ាយ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ ក្នុងភូមិដើមពោធិ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។

ពាក់ពន្ធ័ករណីខាងលើនេះមន្ត្រីបម្រើការងារនៅមន្ទីការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀងបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០នេះមានកម្មការិនីរោងចក្របានដួលសន្លប់៧នាក់បន្ថែមទៀតត្រូវបានដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបចំនួន៥នាក់និងមន្ទីរពេទ្យបង្អែកជីភូក្រុងបាវិតចំនួន២នាក់ ខណៈដែលកម្មការិនី៤៣នាក់ដួលសន្លប់កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០កន្លងមកនេះមានអាការៈធូរស្រាលហើយដោយបានចូលបម្រើការងារវិញខ្លះហើយដែរ។

ប្រភពបន្តថា បន្ទាប់ពីចូលបម្រើការងារក្នុងរោងចក្រវិញស្រាប់តែផ្ទុះការតវ៉ារឿងថៅកែកាត់លុយពេលកម្មករដួលសន្លប់ដោយក្រុមកម្មករទាមទារ២ចំណុចដូចជា

ទី១-សុំឲ្យក្រុមហ៊ុនផ្ដល់ប្រាក់ឈ្នួលចំនួន២ម៉ោងសម្រាប់ការចេញមុនម៉ោងនៅថ្ងៃដែលមានកម្មករដួលសន្លប់នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ

និងទី២-សុំឲ្យក្រុមហ៊ុនផ្ដល់ប្រាក់ឈ្នួលសម្រាប់ថ្ងៃដែលកម្មករនិយោជិតចេញធ្វើការទាមទារនៅថ្ងៃទី៦ខែមិថុនាឆ្នាំ២០២០។

ប្រភពបន្តទៀតថា បន្ទាប់ពីមានការសម្របសម្រួលនិងដោះស្រាយពីថ្នាក់ដឹកនាំមន្ទីរនិងសមត្ថកិច្ចដែលពាក់ពន្ធ័ព្រមទាំងពីសំណាក់តំណាងថៅកែរោងចក្រអស់ជាច្រើនម៉ោងមកខាងក្រុមហ៊ុនក៏បានយល់ព្រមផ្ដល់ជូនតាមការទាមទាររបស់កម្មករខណៈដែលក្រុមកម្មករបានសន្យាចូលធ្វើការនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០វិញផងដែរ។

សូមបញ្ជាក់ថា នៅរោងចក្រ ធីវ៉ាយ អេឡិចទ្រីក ឯ.ក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ ក្នុងភូមិដើមពោធិ ឃុំកណ្តៀងរាយស្រុកស្វាយទាបមានកម្មករសរុបចំនួន១.៩១០នាក់ ស្រី១.២៤៤នាក់។

គួររំលឹកឡើងវិញថា យ៉ាងហោចណាស់មានកម្មករកម្មការិនីប្រមាណ៤៣នាក់បានដួលសន្លប់ជាបន្តបន្ទាប់គ្នាបង្កការភ្ញាក់ផ្អើលដល់មិត្តរួមការងារនិងសន្តិសុខប្រញាប់ប្រញាល់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យសង្ស័យពុលសារធាតុគីមីក្នុងវត្ថុធាតុដើមសម្រាប់ផលិតកាលពីវេលាម៉ោង១និង២៧នាទីរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ នៅរោងចក្រធីវ៉ាយ ក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ ស្ថិតក្នុងភូមិដើមពោធិ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមតំណាងកម្មករកម្មការិនីម្នាក់ដែលដួលសន្លប់នឹងមានអាការៈបានធូរស្រាលបានឱ្យដឹងថាមុនកើតហេតុរូបនាងនិងមិត្តរួមអាជីពបានធ្វើការដូចសព្វដងខណៈនោះស្រាប់តែមានអាការៈវិលមុខអស់កម្លាំងទន់ដៃទន់ជើងដួលសន្លប់តែម្ដង។

យោងតាមគ្រូពេទ្យបង្អែកជីភូក្រុងបាវិតបានឱ្យដឹងថាកម្មករកម្មការិនីដែលយកមកសង្គ្រោះរហូតមកដល់ម៉ោង៥រសៀលនេះមានចំនួន៣០នាក់និងមន្ទីរពេទ្យស្រុកស្វាយទាប១៣នាក់ ពេលនេះមានអាការៈធូរស្រាលខ្លះហើយ។

ប្រភពបន្តថា តាមការពិនិត្យបឋមរបស់គ្រូពេទ្យអំពីអាការៈរបស់កម្មការិនីគឺសង្ស័យពុលសារធាតុគីមីក្នុងវត្ថុធាតុដើមសម្រាប់ផលិតក្នុងរោងចក្រ៕ យឹម សុថាន


ចែករំលែក៖