ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ នេះ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបខុនដូ «សោភា» ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ជាទីដែលបុរសជនជាតិចិនម្នាក់យកធ្វើជាទីតាំងកែច្នៃផលិតគ្រឿងញៀន ។
តាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន ដែលយើងទើបទទួលបានបង្ហាញថា មន្ទីរប្រឆាំងគ្រឿងញៀន(ក១០) នៃក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធជាច្រើន ដឹកនាំដោយលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបបន្ទប់លេខB២០១ ជាន់ទី២ ក្នុងអគារខុនដូ «សោភា» ដោយបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ី យីរី (HE YIRI) ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិន ព្រមទាំងដកហូតវត្ថុតាងបទល្មើសបានជាច្រើនផងដែរ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ចូនទៅមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) នៃក្រសួងមហាផៃ្ទ ដើម្បីគ្រប់គ្រង និង ចាត់ការបន្តតាមនីតិវិធី ។ ចំណែកវត្ថុតាងមួយចំនួនដែលនៅសេសសល់ ត្រូវបានរក្សាទុកនៅក្នុងបន្ទប់ខាងលើ ដោយបិទប្លុមបេជាបណ្តោះអាសន្ន ៕ដោយ៖ចេស្ដា