ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមបញ្ជូនពលរដ្ឋ​ពីស៊ុយអែតនិងហ្វាំងឡង់៣១០នាក់មកប្រទេសវិញ

ចែករំលែក៖

វៀតណាម៖ នៅថ្ងៃទី៦ ខែមិថុនា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម អ៊ែរឡាញ មានជើងហោះហើរលេខVN2 បានចាកចេញពីអាកាសយានដ្ឋាន អន្តរជាតិប្រទេសស៊ុយអែត​ និងប្រទេសហ្វាំងឡង់ដោយដឹកពលរដ្ឋរបស់ខ្លួន​៣១០នាក់វិលត្រឡប់មកប្រទេសវិញ​ក្រោយជាប់គាំងនៅទីនោះ​ដោយសារកូវីដ​-១៩ ។
ក្នុងចំណោមពលរដ្ឋដែលបានវិលត្រឡប់មកប្រទេសវិញ មានស្ត្រីមានផ្ទៃពោះ​ កុមារក្រោមអាយុ​១៨ឆ្នាំ និងមនុស្សចាស់​ អ្នកដែលមានជំងឺប្រចាំកាយ​ និងអ្នកទេសចរអស់សុពលភាពវីសា ត្រូវបានក្រុមហ៊ុនអាកាសចរណ៍ទៅដឹកមកប្រទេសវិញ។
ក្នុងចំណោមពលរដ្ឋដែលបានវិលត្រឡប់មកវៀតណាមវិញ មិនត្រឹមតែមកពីប្រទេសស៊ុយអែត​និងហ្វាំងឡង់ឡើយ គឺមានទាំងពលរដ្ឋ នៅប្រទេសន័រវេស ដាណឺម៉ាក ឡាវៀ ប៉ូឡូញ អេស្ប៉ាញ និងឆេក…។
ដោយសារតែការឆ្លងរាលដាលនៃកូវីដ​-១៩ និងការហាមប្រាមហោះហើរ ទើបយន្តហោះរបស់វៀតណាម បានចុះចតនៅទីក្រុង ស្តុកខល ប្រទេសស៊ុយអែត ​និងទីក្រុង ​ Helsinki ​ប្រទេសហ្វាំងឡង់ដើម្បីដឹកពលរដ្ឋ​ដែលមានស្ថានភាពគ្រួសារលំបាក មកប្រទេសវិញ។
អ្នកដំណើរទាំងអស់ត្រូវគោរពទៅតាមច្បាប់សន្តិសុខ ​សុវត្ថិភាព ក្នុងពេលធ្វើដំណើរ។ ពេលចូលដល់វៀតណាមនឹងត្រូវកាត់ផ្តាច់ដើម្បីតាមដានរយៈពេល​១៤ថ្ងៃ។ វៀតណាមជាប្រទេសទប់ស្កាត់កូវីដ​-១៩ បានយ៉ាងល្អ ដោយក្នុងរយៈពេលជាង ៥០ថ្ងៃហើយដែលវៀតណាមមិនមានករណីឆ្លងថ្មីនៅក្នុងស្រុកនោះឡើយ ៕ដោយ៖ធី រីណា


ចែករំលែក៖