ព័ត៌មានទាន់ហេតុការណ៍៖

លោកJoe Biden ក្លាយជាបេក្ខភាពតំណាងគណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតខែវិច្ឆិកានេះ

ចែករំលែក៖

អាមេរិក៖ អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ទទួលបានការគាំទ្រគ្រប់គ្រាន់​ក្នុងការបោះឆ្នោតជាបឋមរបស់បក្ស ក្លាយជាបេក្ខភាពផ្លូវការ តំណាងឲ្យគណបក្សប្រជាធិបតេយ្យ ក្នុងការប្រជែងកៅអីនៅសេតវិមានជាមួយប្រធានាធិបតីដូណាល់ ត្រាំ ក្នុងខែវិច្ឆិកាឆ្នាំ​២០២០នេះ។
លោក​Joe Bidenទទួលបានសន្លឹកឆ្នោតតំណាង​គ្រប់ចំនួន​១៩៩១ ​កាលពីថ្ងៃទី​៥ ខែមិថុនា (ពេលវេលានៅអាមេរិក) តំណាងឲ្យបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតតទល់ជាមួយលោកត្រាំ​។ លោកJoe Biden ទទួលបានការគាំទ្រខ្ពស់ នៅក្នុងការបោះឆ្នោតជាបឋមនៅតំបន់ជាច្រើនក្នុងទឹកដីអាមេរិក នាថ្ងៃទី ៥ ខែមិថុនានេះ។
ការប្រជែងបេក្ខភាពរបស់គណបក្សប្រជាធិបតេយ្យពេលដំបូងមានដល់ទៅ​២០រូបចូលរួម​ ប៉ុន្តែក្រោយមក ក៏បានដកថយវិញ​ ក្រោយមិនទទួលបានការគាំទ្រច្រើន។ លោក Joe Biden ជាបេក្ខភាព សម្រេចចូលរួមប្រកួតប្រជែងតំណែងបេក្ខភាពតំណាងគណបក្សក្រោយគេ តែលោកទទួលបានការគាំទ្រខ្ពស់ ដោយសារតែមានបទពិសោធន៍ដឹកនាំអាមេរិក តាំងពីពេលលោកកាន់តំណែងជា​អនុប្រធានាធិបតីអាមេរិក​។
មានប្រសាសន៍ក្រោយបានក្លាយជាបេក្ខភាពពេញសិទ្ធិរបស់គណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតខាងមុខ លោក​Joe Biden​បានបញ្ជាក់ថា​« ខ្ញុំពិតជាមានមោទនភាព​ពេលចូលរួមប្រកួតប្រជែង ក្នុងគណបក្ស ប្រជាធិបតេយ្យ ជាមួយបុគ្គលដែលមានសមត្ថភាពខ្ពស់​»។
លោក​Joe Biden បានសន្យាថា នឹងចំណាយពេល​ជារៀងរាល់ថ្ងៃចាប់ពីពេលនេះ ដល់ថ្ងៃទី​៣ ខែវិច្ឆិកា ដើម្បីទទួលបានសន្លឹកឆ្នោតគាំទ្រពីពលរដ្ឋអាមេរិក​។ លោកបានអះអាងថា គណបក្សប្រជាធិបតេយ្យនឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ​។
លោក​Joe Biden អាយុ​៧៧ឆ្នាំ​ មានបទពិសោធន៍រាប់សិបឆ្នាំក្នុងឆាកនយោបាយ​ ដោយលោកមានបទពិសោធ​ន៍៣៦ឆ្នាំជាសមាជិកព្រឹទ្ធសភា​មុនពេលក្លាយជាអនុប្រធានាធិបតី ក្នុងអាណត្តិ របស់អតីតប្រធានាធិបតីអូបាម៉ា។ លើកនេះជាលើកទី​៣ហើយដែលលោក ចូលរួមប្រជែងតំណែងប្រធានាធិបតីអាមេរិក​៕ធី រីណា


ចែករំលែក៖