អន្តរជាតិ៖ នូវែលសេឡង់ នឹងបន្ធូរបន្ថយការររឹតត្បិតស្ទើរទាំងអស់ ដើម្បីអនុញ្ញាតឲ្យប្រជាជនត្រឡប់ទៅរកការរស់នៅធម្មតាដូចមុនវិញ។ ខណៈដែលប្រទេសមួយនេះ បានប្រកាសនៅថ្ងៃទី៨ ខែមិថុនានេះថា គ្មានករណីជំងឺCOVID-19 ទៀតឡើយ ដែលនេះជាលើកដំបូងតាំងពីជំងឺនេះឆ្លងចូលមក។ ជាមួយលទ្ធផលនេះ នូវែលសេឡង់ ស្ថិតក្នុងចំណោមប្រទេសតិចតួចដែលអាចគ្រប់គ្រងជំងឺ COVID-19 បាន។
ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៨ ខែមិថុនានេះ អគ្គនាយកសុខាភិបាលនូវែលសេឡង់ Ashley Bloomfield បានប្រកាសដំណឹងល្អទៅកាន់ប្រជាជនថាលទ្ធផលនេះ ជាសមិទ្ធផលសម្រាប់នូវែលសេឡង់។ លោកអះអាងថា៖«គ្មានរករណីជំងឺ COVID-19 សកម្មជាលើកដំបូងតាំងពីថ្ងៃទី២៨ ខែកុម្ភៈ គឺជាសញ្ញាល្អក្នុងដំណើររបស់យើង ប៉ុន្តែដូចដែលធ្លាប់និយាយពីមុនមក ការប្រុងប្រយ័ត្ននឹង COVID-19 នៅតែបន្តដដែល។»
ខុសពីប្រទេសមួយចំនួន យុទ្ធសាស្ត្ររបស់នូវែលសេឡង់ក្នុងការទប់ទល់COVID-19 គឺពឹងផ្អែកលើការលុបបំបាត់វីរុស ជាជាងការបង្អាក់ការឆ្លង។ក្រសួងសុខាភិបាលនូវែលសេឡង់ កំណត់ថា រយៈពេលដែលគ្មានវីរុស គឺ២៨ថ្ងៃក្រោយអ្នកឆ្លង COVID-19 ពីសហគមន៍របស់គេចាកចេញពីកន្លែងចត្តាឡីស័ក។ នូវែលសេឡង់ ក៏បានបិទប្រទេសយ៉ាងតឹងតែងបំផុតចំនួន៧សប្ដាហ៍រហូតដល់ថ្ងៃទី១៤ ខែឧសភា ក្រោយគ្រប់គ្រងការឆ្លងថ្មីបាន។
នាយករដ្ឋមន្ត្រី Jacinda Ardern រំពឹងថា នឹងប្រកាសពីការទម្លាក់កម្រិតអាសន្នមកកម្រិតទីមួយវិញ ដែលជាកម្រិតទាបបំផុតនៃប្រព័ន្ធឆ្លើយតបភាពអាសន្នរបស់នូវែលសេឡង់។ ជាមួយនឹងការទម្លាក់កម្រិតអាសន្ននេះ ការរឹតតត្បិតស្ទើរទាំងអស់ នឹងត្រូវលើកលែងដូចជាការជួបជុំមនុស្សច្រើន និងវិធានការគម្លាតសុវត្ថិភាពជាដើម។ ប៉ុន្តែការធ្វើដំណើរចូលទឹកនូវែលសេឡង់ដែលប៉ះពាល់វិស័យទេសចរណ៍ នឹងរឹតត្បិតដដែល សំដៅបញ្ចៀសការឆ្លងថ្មី។
សូមជម្រាបថា អ្នកជំងឺ COVID-19 ចុងក្រោយគេរបស់នូវែលសេឡង់ ត្រូវបានព្យាបាលសះស្បើយហើយ ដែលធ្វើឲ្យប្រទេសនេះ គ្មានករណីជំងឺCOVID-19 សូម្បីមួយសោះក្នុងប្រទេស។ ១៧ថ្ងៃកន្លងទៅ នូវែលសេឡង់ក៏គ្មានករណីឆ្លងថ្មីដែរ។ ប្រទេសកោះតំបន់មហាសមុទ្រប៉ាស៊ីហ្វិកមួយនេះឈរក្នុងចំណោមប្រទេសតិចតួចបំផុតដែលអាចលុបបំបាត់ជំងឺនេះបានខណៈស្ថានភាពជំងឺ COVID-19 នៅនូវែលសេឡង់ ក៏មានអត្រាទាបបើប្រៀបធៀបនឹងប្រទេសជាច្រើននៅជុំវិញពិភពលោក។
គួរបញ្ជាក់ថា នូវែលសេឡង់ មានករណីឆ្លង COVID-19 សរុបចំនួន១១៥៤នាក់ប៉ុណ្ណោះ និងស្លាប់២២នាក់៕ដោយ៖ស តារា