ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំសូមអបអរសាទរនិងកោតសរសើរចំពោះការខិតខំរបស់ក្រសួងកសិកម្មក្នុងការបើកទីផ្សារស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន

ចែករំលែក៖

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅរសៀលនេះថា៖ ខ្ញុំសូមអបអរសាទរនិងកោតសរសើរចំពោះការខិតខំរបស់ក្រសួងកសិកម្មក្នុងការបើកទីផ្សារស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន ដែលនៅថ្ងៃទី៩ ខែ មិថុនា ២០២០ នេះគឺកម្ពុជានិងមិត្តចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការលើ “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន” ។

សម្តេច អរគុណចំពោះលោកអគ្គរដ្ឋទូតចិន និងមន្រ្តីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមជំរុញការងារនេះរហូតឈានដល់កិច្ចព្រមព្រៀងគ្នាជាផ្លូវការនៅថ្ងៃនេះ។ នេះជាដំណឹងល្អសម្រាប់បងប្អូនប្រជាកសិករ ម្ចាស់ចំការ និងពាណិជ្ជករដែលកំពុងវិនិយោគលើដំណាំស្វាយដែលកំពុងមានក្តីកង្វល់ព្រោះមានចំការជាច្រើនដែលមានស្វាយទុំជ្រុះចោលហើយតម្លៃស្វាយបានធ្លាក់ចុះយ៉ាងច្រើន។ បើតាមព័ត៌មានទទួលបាន គឺមានអាជីវករបានដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនចំនួន ២០លើផ្ទៃដី ២១,២៨៦ហិកតា។ យើងសង្ឃឹមថា ក្រោយពីអគ្គនាយកដ្ឋានកសិកម្មចុះត្រួតពិនិត្យនិងវាយតម្លៃលើចម្ការស្វាយ និងទីតាំងវេចខ្ចប់រួចហើយ គឺនឹងឈានដល់ការនាំចេញផលិតផលស្វាយខ្មែរនៅពេលឆាប់នេះមិនខាន។

សម្តេចមានប្រសាសន៍បន្តថា៖ តាមរយៈការនាំផ្លែស្វាយចេញទៅប្រទេសចិននឹងផ្តល់ការងារនិងប្រាក់ចំណូលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងដំណាក់កាលដែលប្រទេសយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩។

សម្តេច សូមបងប្អូនប្រជាកសិករ និងពាណិជ្ជករពង្រឹងបច្ចេកទេសដាំដុះអោយមានគុណភាពកាន់តែខ្ពស់ និងបង្កើតរោងចក្រវេចខ្ចប់អោយបានត្រឹមត្រូវដើម្បីយើងអាចមានលទ្ធភាពកែឆ្នៃផ្លែស្វាយដើម្បីទទួលបានផលប្រយោជន៍កាន់តែច្រើន។ អ្វីដែលសំខាន់បំផុតក្នុងការនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន គឺត្រូវតែមានអនាម័យ និងភូតគាមអនាម័យ(SPS) អោយបានល្អដែលអាចទទួលយកបាននៅក្រៅប្រទេស៕

ដោយ៖សុខ ខេមរា


ចែករំលែក៖