ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនអង្គរបាណាណាធ្វើឲ្យកម្មករជាង៣០០នាក់ផ្ទុះការតវ៉ា ព្រោះមិនបើកប្រាក់ខែឱ្យ និងបញ្ឈប់ការងារអ្នកចាស់ដាក់អ្នកថ្មីគ្មានមូលហេតុ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កម្មករធ្វើការនៅក្រុមហ៊ុនអង្គរបាណាណាជាង៣០០នាក់ ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង នៅព្រឹកទី៩ ខែមិថុនា ឆ្នាំ២០២០នេះ បាននាំគ្នាធ្វើការតវ៉ានៅមុខស្នាក់ការក្រុមហ៊ុន ស្នើឱ្យមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ចុះមកពិនិត្យនិងជួយដោះស្រាយការងាររបស់កម្មករនៅក្នុងក្រុមហ៊ុនផលិតចេកអំបូងនេះផង ព្រោះមេការមកថ្មីប្រើប្រាស់កម្មករមិនបានអនុវត្តតាមកិច្ចសន្យានោះទេ ក្រោយពេលដកមេការចាស់ចេញ។

លោកឈាន សំណាង តំណាងឲ្យកម្មករបានស្នើឱ្យលោកប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តអញ្ជើញទៅពិនិត្យសកម្មភាពការងារកម្មករផង ព្រោះពួកគាត់រងការគាបសង្កត់ពីមេការវៀតណាមដែលមានអាកប្បកិរិយាមើលងាយមកលើកម្មករ ប្រើពាក្យអសុរោះមកលើកកម្មករ មិនគោរពតាមកិច្ចសន្យាឡើយ។

លោកបន្តថា នេះជាមេការថ្មីចូលមកបំពេញការងារមិនទាន់បាន២ខែផង ហ៊ានប្រមាថមើលងាយ ហើយដកការងារមិនឱ្យកម្មករធ្វើ ប្រាក់ខែបើកមិនបានទៀងទាត់និងហ៊ានជ្រើសរើសកម្មករថ្មីចូលមកធ្វើការ ហើយផ្អាកការងារកម្មករចាស់ឱ្យធ្វើមួយថ្ងៃឈប់មួយថ្ងៃធ្វើឱ្យពួកគាត់បាត់បង់ប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

លោកប៊ួ ភិរុន ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបានសំណូមពរឱ្យបងប្អូនកម្មករយើងធ្វើការអត់ធ្មត់ និងសូមឱ្យបំបែកហ្វូងចេញពីមុខទីស្នាក់ការរបស់ក្រុមហ៊ុនដើម្បីទុកឱកាសឱ្យមន្ត្រីស្ថាប័នមានសមត្ថកិច្ចធ្វើការដោះស្រាយជូននៅថ្ងៃទី១០ ខែមិថុនា ២០២០នេះ ព្រោះនៅថ្ងៃនេះ(៩ ខែមិថុនា)លោកជាប់រវល់ប្រជុំនៅខេត្ត។

លោកហ៊ វ៉ាងយុង មេការចម្ការចេកអង្គរបាណាណា បានចេញមុខមកសម្របសម្រួលនៅមុខកម្មករទាំងអស់ដែរ តែដូចជាគ្មានភាពជាក់លាក់ច្បាស់លាស់ណាមួយឲ្យពួកគាត់ទុកចិត្ដបានឡើយ។ រាល់បញ្ហាដែលក្រុមហ៊ុនកំពុងប្រឈម ជាមួយកម្មករ ពួកគាត់ស្នើសុំ ទី១-ក្រុមហ៊ុនមិនត្រូវបញ្ឈប់ពួកគាត់ដោយគ្មានមូលហេតុឡើយ និងទី២-សុំឲ្យមេការក្រុមហ៊ុនខាងលើបើកប្រាក់ខែឲ្យពួកគាត់បានទៀងទាត់កុំជំពាក់។ចំពោះការស្នើសុំពីរចំណុចនេះមេការដែលទើបមកថ្មីនេះមិនដោះស្រាយនិងទទួលខុសត្រូវនូវអ្វីដែលពួកគាត់ស្នើសុំចង់បាននោះឡើយ។

សូមបញ្ជាក់ថា កម្មករជាង៣០០នាក់នេះភាគច្រើនមកពីតាមបណ្តាខេត្តឆ្ងាយៗ មកលក់កម្លាំងពលកម្មនៅទីនេះដើម្បីប្តូរយកប្រាក់សម្រាប់ដោះស្រាយជីវភាពគ្រួសារ។ដូច្នេះក្រុមហ៊ុនមិនគួររើសយកអ្នកថ្មី ចោលអ្នកចាស់ដែលខំតស៊ូយូរមកហើយនោះទេ ចំណែកប្រាក់ខែក៏សូមបើកឲ្យទៀងទាត់ឈប់ជំពាក់ទៀតទៅ៕
តាមប្រភពព័ត៌មានពីក្នុងក្រុមហ៊ុនអង្គរបាណាណាឱ្យដឹងថា នៅក្នុងក្រុមហ៊ុននេះក៏មានកម្មករជនជាតិវៀតណាមច្រើនដែរ ភាគច្រើនជាភ្ញៀវទេសចរបានច្បាប់ឆ្លងដែនមកដើរលេង ក៏មកសំងំធ្វើការងារនៅក្នុងចំការចេកនេះតែម្តង។ ដូច្នេះសូមសមត្ថកិច្ចនគរបាលទទួលបន្ទុកជនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគបាលខេត្ត មេត្តាចុះពិនិត្យនិងស្រាវជ្រាវផង ព្រោះដីចម្ការចេកនេះធំណាស់រាប់សឹបហិកតាឯណោះ មានផ្លូវខ្វាត់ខ្វែងដើរមិនស្រួលវង្វេងហើយ ងាយស្រួលដល់ជនអន្តោប្រវេសន៍ខុសច្បាប់មកពួនសំងំលាក់ខ្លួនយ៉ាងសុខស្រួល គ្មានវីសាបញ្ចាក់ថាមករកការងារធ្វើឬស្នាក់នៅស្របច្បាប់ច្បាស់លាស់ឡើយ ៕ដោយ៖មាស សុផាត


ចែករំលែក៖