ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត! ឧបករណ៍នេសាទខុសច្បាប់ដាក់កាត់ស្ទឹងរបស់តាឃីមកាប់គោត្រូវបានបង្រ្កាប

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បន្ទាប់ពីមជ្ឃមណ្ឌលព័ត៌មាននគរវត្តចេញផ្សាយពាក់ព័ន្ធនឹងព័ត៌មានបទល្មើសនេសាទដាក់ដាយកាត់ស្ទឹងបិទជិតឈឹងនារដូវបិទនេសាទរបស់ឈ្មោះ តាឃីមកាប់គោ ដោយមិនខ្លាចរអាអាជ្ញាធរ និងមន្រ្តីជំនាញរដ្ឋបាលជលផលនោះ នៅវេលាព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ២០២០នេះ មន្រ្តីជំនាញខណ្ឌរដ្ឋបាលជលផល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ មេភូមិថ្មីបាន សហការគ្នាចុះបង្រ្កាបឧបករណ៍(ដាយ)ដាក់កាត់ស្ទឹងដើម្បីចាប់ត្រីនារដូវបិទនេសាទ ។

គួររំលឹកថា តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ គេឃើញឈ្មោះតាឃីមកាប់គោ ដាក់(ដាយ)កាត់ស្ទឹងដើម្បីចាប់ត្រីនារដូវបិទនេសាទ ស្ថិតនៅក្នុងស្ទឹងធ្លាម្អម តំបន់ផ្នែកខាងលើទំនប់បង្ហៀរទឹក(ត្រាំម្នាស់) ស្ថិតក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

សេចក្ដីរាយការណ៍ដដែលបន្តទៀតថា ជនប្រព្រិត្តបទល្មើសនេសាទដោយដាក់ឧបករណ៍(ដាយ)បិទស្ទឹងជិតឈឹងនោះ ឈ្មោះ តាឃីមកាប់គោ ដែលមានទីលំនៅមិនឆ្ងាយពីកន្លែងដាក់ឧបករណ៍នេសាទខុសច្បាប់នេះប៉ុន្មានទេ ហើយតាឃីមកាប់គោដាក់ឧបករណ៍កាត់ស្ទឹងដើម្បីចាប់យកត្រីដោយមិនខ្វល់ពីរដូវបិទនេសាទអ្វី ឡើយ ហើយពុំមែនទើបតែធ្វើនោះទេគឺធ្វើជារៀងរាល់ឆ្នាំ ។

ចំពោះករណីនេះគេសង្កេតឃើញឈ្មោះតាឃីមកាប់គោ លួចដាក់ឧបករណ៍(ដាយ)បិទស្ទឹងដើម្បីចាប់ត្រីដោយអត់ខ្វល់ពីរដូវបិទនេសាទ ខណៈរដូវនេះជារដូវត្រីពងកូន។ 

លោកនាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទនាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ នេះថា ចាំឲ្យមន្រ្តីចុះសហការជាមួយនគរបាលត្រួតពិនិត្យ និងបង្រ្កាប ៕ដោយ៖ បុឹម ពិន


ចែករំលែក៖