អាមេរិក៖ អ្នកនាំពាក្យកងឆ្មាំការពារជាតិ វរសេនីយ៍ Brooke Davis កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ បានអះអាងថា ក្រោយកម្លាំងឆ្មាំការពារជាតិអាមេរិកត្រឡប់ចូលបន្ទាយវិញ បានធ្វើតេស្តរកជំងឺឆ្លងCOVID-19 ដោយបង្ហាញឃើញថា សមាជិកកងឆ្មាំការពារជាតិអាមេរិកជាច្រើននាក់មានវិជ្ជមាន ។
សមាជិកកងឆ្មាំការពារជាតិអាមេរិកជាច្រើននាក់ បានឆ្លងជំងឺ COVID-19 ខណៈដែលពួកគេចូលរួមបង្ក្រាបបាតុកម្មនៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ។ ប៉ុន្តែគេមិនដឹងពីចំនួនជាក់ស្ដែង និងស្ថានភាពជំងឺឡើយ ដោយមន្ត្រីកងឆ្មាំការពារជាតិអាមេរិកបញ្ជាក់ថា ព័ត៌មាននេះមិនអាចបញ្ចេញឡើយក្រោមហេតុផលសន្តិសុខ។
អ្នកនាំពាក្យរូបនេះ បន្តថា អ្នកឆ្លងទាំងអស់ ស្ថិតក្នុងចំណោមកម្លាំងឆ្មាំការពារជាតិទាំង១៧០០នាក់ដែលត្រូវបានពង្រាយក្នុងរដ្ឋធានីដើម្បីទប់ទល់នឹងបាតុកម្មប្រឆាំងការរើសអើងពូជសាសន៍ និងពណ៌សម្បុរក្រោយការស្លាប់របស់បុរសស្បែកខ្មៅ ចច ហ្វ្លយ ក្រោមស្នាដៃប៉ូលិសស្បែកសនៅទីក្រុងMinneapolis ។
ក្រោយហេតុការណ៍នេះ បាតុកម្ម ក៏បានរាលដាលខ្លាំងនៅអាមេរិក ហើយនៅវ៉ាស៊ីនតោនផងដែរ។ អភិបាលរដ្ឋធានីវ៉ាស៊ីនតោន ក៏បានកេណ្ឌឆ្មាំការពារជាតិដែលជាទាហានបម្រុងឲ្យចូលជួយទ្រស្ថានការណ៍ ហើយបន្ទាប់ពីមករដ្ឋាភិបាលសហព័ន្ធក៏បានពង្រាយអង្គភាពមួយនេះបន្ថែមទៀតនៅថ្ងៃទី១ខែមិថុនា ដើម្បីទប់ស្កាត់ការលួចឆក់នៅតាមហាងពីក្រុមឆ្លៀតឱកាស។
បើតាមអ្នកស្រី Davis កម្លាំងឆ្មាំការពារជាតិទាំងនេះ សុទ្ធតែត្រូវបានធ្វើតេស្តទាំងមុន ទាំងក្រោយធ្វើប្រតិបត្តិការ។ លើសពីនោះ អ្នកនាំពាក្យរូបនេះក៏អះអាងថា សមាជិកកម្លាំងការពារជាតិនេះ ក៏បានអនុវត្តវិធានគម្លាតសុវត្ថិភាព និងបានពាក់ឧបករណ៍ការពារដូចជាម៉ាស់ប្លាស្ទិកបាំងមុខផងដែរ។ យ៉ាងណាមិញ គេក៏ឃើញមានមន្ត្រីអនុវត្តច្បាប់ និងឆ្មាំការពារជាតិខ្លះមិនបានពាក់ម៉ាស់ក្នុងពេលប្រឈមមុខជាមួយបាតុករដែលខ្លះពាក់ម៉ាស់ និងខ្លះទៀតអត់ពាក់នោះ។ ប៉ុន្តែអ្នកស្រី Davis មិនបានបញ្ចេញតួលេខអ្នកមានលទ្ធផលវិជ្ជមានឡើយ ដោយលើកហេតុផលថា ជាផ្នែកនៃសន្តិសុខប្រតិបត្តិការ។
គួរបញ្ជាក់ថាCOVID-19 បានសម្លាប់ជីវិតប្រជាជនអាមេរិកចំនួនជាង១១ម៉ឺននាក់មកហើយ។ អាមេរិកក៏ឈរលេខរៀងទីមួយនៃតារាងប្រទេសមានករណីឆ្លងច្រើនជាងគេ គឺជាងពីរលានករណីក្នុងចំណោមករណីឆ្លងទូទាំងពិភពលោកជាង៧លានករណី៕ដោយ៖ស តារា