ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យប្រុសស្រី៥នាក់ត្រូវបានសមត្ថកិច្ចបង្ក្រាបនឹងដកហូតថ្នាំញៀនជាច្រើនកញ្ចប់នៅកន្លែងផ្សេងគ្នា

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បើតាមរបាយការណ៍ស្តីពីលទ្ធផលបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ដែលប្រព្រឹត្តទៅកាលពីវេលាម៉ោង១៥.៣០នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចដកហូតបាននូវសារធាតុញៀនជាច្រើនកញ្ចប់ធំ និងតូចនៅកន្លែងផ្សេងគ្នា តាមវិធានញុះញង់ ស្ថិតនៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ចំនួន១នាក់ ក្រុងស្ទឹងត្រែង១នាក់ និងនៅថ្ងៃដដែលកម្លាំងសមត្ថកិច្ចឈានទៅបង្ក្រាបបាន១នាក់ទៀតនៅភូមិព្រែក ក្រុងស្ទឹងត្រែង។ នៅព្រឹកថ្ងៃទី១០ខែមិថុនានេះ សមត្ថកិច្ចបន្តឃាត់ខ្លួនមេខ្លោង២នាក់ទៀតនៅភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង។

បើតាមមន្រ្ទីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀននេះ គឺមានការសម្របសម្រួលនិងអនុញ្ញាតពីលោក ជេត ខេមរា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឲ្យប្រើវិធានញុះញង់ អោយលក់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ហើយដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនក្រាមពណ៌សថ្លា(ICE) ចំនួន៣កញ្ចប់តូច ទម្ងន់សរុប ០,៦៥ក្រាម ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖
១- ឈ្មោះ យឹម សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
២- ឈ្មោះ ផាត់ សារ៉ាក់ ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ កាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

តាមចម្លើយសារភាពរបស់ឈ្មោះ ផាត់ សារ៉ាក់បានឱ្យដឹងថា នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៨ និង ៣៥នាទី មន្ត្រីអនុវត្តច្បាប់នៃការិយាល័យប្រឆាំងគ្រឿងញៀន បានបន្តទៅឃាត់ខ្លួនបក្សពួកម្នាក់ទៀត ឈ្មោះ យ៉ែម មេត្រី ហៅ ជ័យ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ចាប់យកវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីនក្រាមពណ៌សថ្លា(ICE) ចំនួន ១១កញ្ចប់(៦កញ្ចប់ធំ និង៥កញ្ចប់តូច) ទម្ងន់សរុប ១៧,៨៦ក្រាម។
តាមចម្លើយសារភាពរបស់ឈ្មោះ យ៉ែម មេត្រី ហៅ ជ័យ នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០២០ វេលាម៉ោងជាង៦ល្ងាច មន្រ្ទីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀនបានបន្តឃាត់ខ្លួនមេខ្លោងចំនួន២នាក់ទៀត៖
១- ឈ្មោះ ម៉ាក់ រ៉ាម៉េត ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
២- ឈ្មោះ ម៉ាក់ បូរាន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងដោយចាប់យកវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនក្រាមពណ៌សថ្លា(ICE) ចំនួន៩កញ្ចប់តូច ទម្ងន់សរុប ៣,៤៣ក្រាម។

សមត្ថកិច្ចបញ្ចាក់ថា សរុបវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនក្រាមពណ៌សថ្លា(ICE) ចំនួន ២៣កញ្ចប់ (៦កញ្ចប់ធំ និង១៧កញ្ចប់តូច) ទម្ងន់សរុប ២១,៩៤ក្រាម។

បច្ចុប្បន្ន ជនសង្ស័យខាងលើ មន្រ្តីអនុវត្តច្បាប់នៃការិយាល័យប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្ត កំពុងឃាត់ខ្លួន សាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។

ដោយ៖មាស សុផាត


ចែករំលែក៖