ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល បានចេញសេចក្តីថ្លែងការណ៍ច្រានចោល ករណីជនជាតិវៀតណាម អាយុ១៨ឆ្នាំ មានជំងឺកូវីដ-១៩ ចេញពីកម្ពុជា

ចែករំលែក៖

ភ្នំពេញ​ ៖​ មន្ត្រីក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០​ ចេញ​សេចក្ដី​ថ្លែងការណ៍​ដោយប្រកាសច្រានចោលទាំងស្រុងនូវព័ត៌មានដែ​លបានចុះផ្សាយលើទំព័រវែបសាយសារព័ត៌មានឈ្មោះលុយអាតវៀត​ណាម (luatvetnam.vn)​ អំពីមាន​ករណីបុរសជនជាតិវៀតណាមម្នាក់​ អាយុ១៨ឆ្នាំ ជាអ្នកជំងឺកូវីដ-១៩ ធ្វើ​ដំណើរពីកម្ពុជា​ចូលទៅវៀតណាម​ តាមច្រកទ្វារព្រំដែន ថុងញើក (Thuong Phuon) នៅ​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ត្រូវបានធ្វើតេស្តមានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ហើយបាន​ដាក់ឲ្យព្យាបាលនៅ​មណ្ឌលសុខភាព ង្វានហុងងឺ (Huyen​ Hong Ngu health center) នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០។ 

ចំពោះ​ការចុះផ្សាយលើទំព័រវែបសាយ​សារព័ត៌មានឈ្មោះលុយអាតវៀត​ណាម ឈ្មោះ​ luatvetnam.vnនេះ​ មក​ទល់ពេលនេះ មិនមានរបាយការណ៍ជាផ្លូវការណាមួយស្តីពីករណីជនជាតិវៀត​ណាមខាងលើនេះ ត្រូវបានផ្តល់ដោយអាជ្ញាធរសុខាភិបាលវៀតណាមតាមប្រព័ន្ធរាយការណ៍ឲ្យគ្នាទៅវិញទៅមក (EOC) នៃជំងឺឆ្លងថ្មីៗ​ ក្នុងបណ្តាប្រទេសអាស៊ាននោះទេ។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​សុខាភិបាល​ចុះហត្ថលេខា​ដោយលោក​ ម៉ម ​ប៊ុន​​ហេង បញ្ជាក់ថា​ ការលើកឡើងនៅក្នុងសារព័ត៌មាន លុយអាតវៀតណាម (luatvetnam.vn)​ចុះផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ក្រសួងបានច្រាន​ចោលទាំងស្រុងចំពោះព័ត៌មាននេះ។ ក្រុមការងាររបស់ក្រសួងសុខាភិបាលកម្ពុជា និងមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ ជាពិសេសខេត្តព្រៃវែង ក៏បានធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែមិនមានបុគ្គលជនជាតិវៀតណាមខាងលើនេះនៅកម្ពុជា ឬចេញតាមច្រកដូចបានលើក​ ឡើងក្នុងសារព័ត៌មានខាងលើនេះ ចេញទៅប្រទេសវៀតណាមនោះដែរ។

សេចក្ដី​ថ្លែងការណ៍​បន្តថា​ តាមរយៈការចុះផ្សាយនោះទៀតបង្ហាញច្បាស់ថា បុគ្គលរូបនេះជាជនជាតិវៀតណាម រស់នៅឃុំថុងហ្វូក ស្រុកបៀនហុងងឺ (Huyen Hong Ngu) ខេត្តដុងថាប់ ប្រទេសវៀតណាម​ ។ ដូច្នេះមិនមែន​រស់នៅកម្ពុជា ហើយការដែលចម្លងនេះ គឺមានការឆ្លងនៅប្រទេសវៀតណាមនេះតែម្តង។

គ្រប់ព័ត៌មានដែលក្រសួងបានឃើញ​ការចុះផ្សាយ ក្រុមការងាររបស់ក្រសួងតែងតែធ្វើការស្រាវជ្រាវនៅព្រះរាជា​ណាចក្រកម្ពុជារបស់យើង ដោយបានធ្វើការរុករកយ៉ាងហ្មត់ចត់ ហើយថ្ងៃនេះ

ខ្ញុំសូមជម្រាបជូនថា មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីណាមួយត្រូវបាន​រកឃើញ ឬរាយការណ៍តាមរយៈប្រព័ន្ធស្រាវជ្រាវតាមដានរបស់ក្រសួងនោះឡើយ។

ក្រសួងសុខាភិបាលសូមអំពាវនាវដល់ភាគីមិត្តវៀតណាម សូមគោរពតាមបទដ្ឋានបច្ចេកទេសនិងគោលការណ៍​និយ័តកម្មអន្តរជាតិលើករណីជំងឺឆ្លង មុននឹងធ្វើការសន្និដ្ឋាន ឬចុះផ្សាយ ដែលជាការប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ ដើម្បីផលប្រយោជន៍ដល់ប្រជាជនទាំងពីរប្រទេស។ ជាថ្មីម្តងទៀត​ ក្រសួងសុខាភិបាលនៅ​តែ​ប្រកាន់ជំហរសហប្រតិបត្តិការល្អ មានតម្លាភាពជានិច្ច ដើម្បីទប់ស្កាត់នឹងជំងឺកូវីដ-១៩ (COVID-19) ដែលជា​ ជំងឺរាតត្បាតដ៏កាចសាហាវជាសកល​ ៕​ ដោយ​ ៖​ ជាយក្រុង​

 


ចែករំលែក៖