ភ្នំពេញ៖ មុខសញ្ញាចោរកម្ម២នាក់ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់ខ្លួននៅគ្រាដែលជនសង្ស័យទាំង២នាក់កំពុងឈររេរានៅតាមផ្លូវ ស្របពេលសមត្ថកិច្ចចុះល្បាតឃើញមានការសង្ស័យក៏ឃាត់ខ្លួនត្រួតពិនិត្យស្រាប់តែរកឃើញវត្ថុតាងសម្រាប់ធ្វើសកម្មភាពចោរកម្មទើបឈានដល់ការចាប់ខ្លួនតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះគ្មានលេខ ក្នុងភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យទាំង២នាក់មានឈ្មោះ១-ជឿង តឹង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងបាញ់ថ្នាំឈើ។
២-ឈ្មោះជុង ញុក ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិវៀតណាម មុខរបរគ្មាន។ជនសង្ស័យទាំង២នាក់ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានឱ្យដឹងថា នៅវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១-០៦-២០២០ សមត្ថកិច្ចប៉ុស្តិ៍និរោធ បានជិះម៉ូតូចុះល្បាត ក្នុងភូមិសាស្ត្រសង្កាត់មកដល់ចំណុចមុខផ្ទះគ្មានលេខ ភូមិតាងៅកណ្តាល សង្កាត់និរោធ ក៏បានជួបជនសង្ស័យ២នាក់កំពុងឈរនៅទីនោះ សមត្ដកិច្ចមានការសង្ស័យក៏ឃាត់ត្រួតពិនិត្យរកឃើញដែកកែច្នៃចុងស្រួចសម្រាប់ឆ្កឹះសោចំនួន២ ដែលជនសង្ស័យឈ្មោះជឿង តឹង លាក់ទុកក្នុងហោប៉ៅខោខាងស្តាំ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់រួមនិឹងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីធ្វើការសាកសួរ ។
សូមបញ្ជាក់ថា កន្លងមកជនសង្ស័យឈ្មោះ ជុង ញុក ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល ២ឆ្នាំ ៦ខែ ក្នុងឆ្នាំ២០១៧ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ៖សណ្តោស