អន្តរជាតិ៖ តាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២០នេះ បាននិយាយថា តារាភាពយន្តថៃ លោកSaranyu Wongkrachang ដែលអ្នកនិយមទស្សនាភាពយន្តថៃ ស្គាល់ថា ជាតួនាយខាវ ក្នុងរឿង «ស្នេហាស្រុកស្រែ» បានទទួលមរណភាពក្នុងអាយុ៥៩ឆ្នាំដោយសារជំងឺមហារីកថ្លើមកម្រិតធ្ងន់ធ្ងរដោយមិនអាចព្យាបាលបាន ។
សូមជម្រាបថា លោក Saranyu បានទទួលមរណភាពនៅមន្ទីរពេទ្យChulalongkorn Memorial ក្នុងវ័យ៥៩ឆ្នាំ ។ ដោយលោកមានភរិយាឈ្មោះ Hattaya និងកូនភ្លោះស្រី Supara និង Sitala។
បើតាមក្រុមគ្រួសាររបស់សព បានប្រាប់ឲ្យដឹងថា ពិធីបុណ្យសពរបស់លោកSaranyu Wongkrachang នឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃទី១៨ មិថុនាខាងមុននេះ នៅឯគេហដ្ឋានរបស់គាត់ផ្ទាល់តែម្តង។
គួរបញ្ជាក់ថា លោក Saranyu Wongkrachang មិនត្រឹមតែជាតារាសម្តែងដ៏មានប្រជាប្រិយភាពម្នាក់នោះទេ តែនៅក្នុងវិស័យសិល្បៈថៃគាត់ធ្លាប់ស្នាដៃល្បីៗជាច្រើនទៀតដូចជា និពន្ធរឿង ដឹកនាំរឿង ផលិតរឿង ធ្វើជាពិធីករ និងជាអ្នកចម្រៀងទៀតផង។ អ្វីដែលពលរដ្ឋថៃកាន់តែចាប់អារម្មណ៍និងចងចាំគាត់បំផុតនោះ គឺនៅក្នុងឆ្នាំ ២០០៨ លោក បានប្រឡូកក្នុងវិស័យនយោបាយថៃយ៉ាងសកម្មដោយផ្តើមចូលរួមជាមួយក្រុម “សម្ព័ន្ធប្រជាជនដើម្បីប្រជាធិបតេយ្យ” និងក្រោយមកគាត់បានក្លាយជាបុគ្គលគន្លឹះម្នាក់ ក្នុងការតវ៉ាបណ្តេញអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ឲ្យចេញពីដំណែងផងដែរ៕ដោយ៖ស តារា