ភ្នំពេញ៖ នៅពេលនេះអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញកំពុងដំណើរការកាប់លះមែកឈើជាច្រើនដើមដែលមានសភាពចាស់ឬដុសស៊ុបទ្រុបនៅតាមដងវិថីជាច្រើនក្នុង រាជធានីភ្នំពេញដើម្បីបញ្ជៀសការបាក់រលំពេលមានភ្លៀងខ្យល់។
លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិបានឲ្យដឹងថា៖ពេលនេះអង្គភាពរបស់លោកកំពុងធ្វើសកម្មភាពកាប់លះមែកឈើដែលដុសស៊ុបទ្រុបនៅតាមបណ្តោយផ្លូវលេខ៦៣(ត្រសក់ផ្អែម)ចាប់ពីសាលាភូមិន្ទរដ្ឋបាលរហូតដល់ផ្សារធំថ្មីហើយយើងបានដំណើរការកាប់លះមែកឈើបែបនេះតាំងពីថ្ងៃទី១ ខែឧសភា និងគ្រោងបញ្ចប់នៅក្នុងខែកក្កដា ឬសីហាខាងមុខ។លោកសំ សាមុត បន្តថា ការងារនេះយើងតែងធ្វើនៅរដូវវស្សាព្រោះដើមឈើលូតលាស់ល្អ បើយើងកាប់លះនៅប្រាំងដើមឈើអាចងាប់។ មានដើមឈើជាច្រើនដើមត្រូវបានកាប់លះ មែកតាមដងវិថីសំខាន់ៗមានដូចជានៅផ្លូវលេខ១៧៤,១៥៨,ផ្លូវ៨១,ផ្លូវ១២៦,ផ្លូវលេខ៧០និងតំបន់ជុំវិញមន្ទីរពេទ្យគន្ធបុប្ផាជាដើម។ចំណែកការងារកាប់លះមែកឈើបន្តនឹងត្រូវធ្វើឡើងនៅផ្លូវត្រសក់ផ្អែម,វិថីព្រះសីហនុ,មហាវិថីព្រះមុនីវង្ស, មហាវិថីព្រះនរោតម្ត,វិថីកម្ពុជាក្រោម និងមហាវិថីម៉ៅសេទុង។
លោកប្រធានអង្គភាពសួនច្បារបានបន្តថា ដើមឈើដែលមាននៅក្នុងរាជធានីភ្នំពេញមានជាង៥ម៉ឺនដើមលើផ្លូវ២៦ខ្សែក្នុងនោះដើមឈើធំៗដែលមានអាយុកាលចាប់ពី ១០០ឆ្នាំឡើងមានជាង៤០%។ ក្នុងចំណោមដើមឈើជាង៥ម៉ឺនដើមនេះមាន២៥០ដើមមានសភាពពុកផុយ ប្រហោងគល់អាច ប្រឈមនឹងការបាក់រលំ។ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំឲ្យកាប់ដើមឈើដែលចាស់ពុកផុយទាំង២៥០ដើមនោះចោល ជៀសវាងបង្កគ្រោះថ្នាក់ជាយថាហេតុ រួចដាំថ្មីជំនួសវិញ៕ដោយ៖ សំរិត