ខេត្តពោធិ៍សាត់៖ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ដែលប្រជាពលរដ្ឋគោរពស្រឡាញ់ គឺ លោក ម៉ៅ ធនិន បានបន្តជួយសម្របសម្រួលដោះស្រាយទុក្ខ លំបាក ក៏ដូចជាបញ្ហាប្រឈម និងសំណូមពរ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកពីបណ្ដាស្រុកក្រុងក្នុងខេត្តពោធិ៍សាត់។
អង្គភាពមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានឱ្យដឹងថា៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តបានកំពុងតែបន្តជួបសម្របសម្រួល ដោះស្រាយទុក្ខលំបាក ក៏ដូចជាបញ្ហាប្រឈម និងសំណូមពរ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកពីបណ្ដាស្រុកក្រុងក្នុងខេត្តពោធិ៍សាត់ ព្រមទាំងបានផ្តល់ស្បៀងជូនដល់ជនចាស់ជរាទីទ័លខ្លាំង គ្រួសារក្រីក្រខ្វះខាតពិតប្រាកដ នៅវេទិកាសាលាខេត្ត។
សូមបញ្ជាក់ថា ៖ ការដោះស្រាយទុក្ខកង្វល់ជូនបងប្អូនប្រជាពលរដ្ឋនេះ គឺចំនួន២លើកក្នុងមួយសប្តាហ៍ ជាការដោះស្រាយក្រៅប្រព័ន្ធតុលាការ ហើយតែងតែទទួលបានលទ្ធផលគ្រប់ភាគី គឺគ្មានអ្នកឈ្នះនិងគ្មានអ្នកចាញ់នោះឡើយ។ ការដោះស្រាយរបស់លោកដោយ ផ្តោតសំខាន់ទៅលើភាពយុត្តិធម៌ គ្មានលំអៀង ព្រោះថា បងប្អូនដែលមកពឹងពាក់និងឲ្យជួយដោះស្រាយនោះគឺ ប្រៀបបានដូចជាឱពុក ជាម្តាយ ជាបងប្អូនក្នុងមហាគ្រួសារតែមួយ មិនធ្វើអ្វីដែលនាំឲ្យពួកគាត់មានការថ្នាំងថ្នាក់ឡើយ។
ប្រជាពលរដ្ឋតែងទទួលបានការសម្របសម្រួល ប្រកបដោយ ភាពវិជ្ជមានដូចៗគ្នា ហើយនីតិវិធីក្រៅប្រព័ន្ធតុលាការនេះ ក៏ឃើញមានតែខេត្តពោធិ៍សាត់ គឺថ្នាក់ដឹកនាំមានយុទ្ធសាស្ត្រដោះស្រាយ កាត់បន្ថយបាន នូវបញ្ហាជម្លោះដីធ្លី៕ដោយ៖សិលា