ខេត្តស្ទឹងត្រែង៖ បុគ្គលឈ្មោះ ឆុន ម៉ារ៉ាឌី បានមករំលោភយកដីប្រជាពលរដ្ឋចំនួនពីរគ្រួសារហើយប្តឹងពួកគាត់ទៅតុលាការ ថែមទាំងរំលោភយកផ្លូវសាធារណៈដែលពួកគាត់ធ្លាប់ដើរនិងដឹកកសិផលឆ្លងកាត់ចំនួន៣ភូមិរួមទាំងពលរដ្ឋផ្សេងទៀតជាច្រើនធ្វើដំណើរទៅមកជាប្រចាំ ជាពិសេសនៅរដូវវស្សាទឹកលិច បែរជាបុគ្គលខាងលើមករំលោភបិទផ្លូវយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ ដោយមិនឲ្យពួកគាត់ដើរបានដូចសព្វដងនោះទេ។
ជាពិសេសថែមទាំងរំលោភលើច្បាប់តុលាការដែលកំពុងបន្តនីតិវិធីមិនទាន់ចប់សព្វគ្រប់ផង។ ហេតុការផ្ទុះការតវ៉ានេះបានកើតឡើងនៅវេលាម៉ោង២៖៤៥នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវបំបែកចូលឃុំចំការលើ ស្ថិតក្នុងភូមិអូររី ឃុំអូររី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
បើតាមការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋដែលជាជនរងគ្រោះរងនូវការបាត់បង់ដីនិងការបិទផ្លូវដោយសារជនមានលុយមានអំណាចខាងលើនេះបានឱ្យដឹងថា៖ នៅឆ្នាំ២០០៣ពួកគាត់បានមកកាន់កាប់និងប្រកបរបរកសិកម្មដាំដំឡូងមី ស្វាយចន្ទី និងចេកជាច្រើនឆ្នាំមកហើយ រួមទាំងសាងសង់ផ្ទះសម្រាប់រស់នៅ ហើយថែមទាំងបានតភ្ជាប់បណ្តាញភ្លើងប្រើប្រាស់ទៀតផង។
ពួកគាត់បញ្ជាក់ថា អ្នកណាៗក៏ដឹងឮថាជាដីរបស់ពួកគាត់ពីរគ្រួសារនេះដែរ ដែលមានឈ្មោះទី១.កែវ សាមឿនជាប្តី មានប្រពន្ធឈ្មោះម៉ៅ សាម៉េត និងទី២-ឈ្មោះសៅ សំអាត ជាប្តី មានប្រពន្ធឈ្មោះផែង ស្រីល័ក្ខ បែរជាឈ្មោះឆុន ម៉ារ៉ាឌី នេះមកក្លែងបន្លំឯកសាររំលោភយកដីពួកគាត់ ជាច្រើនគ្រួសារទៀតដែលនៅជាប់ៗគ្នា ថែមទាំងកាប់ដំណាំចោលរួចឈូសភ្ជួរ ដំណាំពួកគាត់ចោល ហើយបែរជាចោទម្ចាស់ដីថាក្លែងបន្លំឯកសារ ថាពួកគាត់រំលោភយកដីខ្លួនទៅវិញ ដោយបញ្ជាក់មិនដឹងលិចកើត ជើងត្បូងច្បាស់លាស់ផងនោះ រហូតប្តឹងម្ចាស់ដីផ្ទាល់ដាក់គុកថែមទៀត ដែលពួកគាត់មានបង្កាន់ដៃពីភូមិឃុំត្រឹមត្រូវ បានទាំងដាក់បញ្ចាំនៅធនាគារ រហូតមកដល់សព្វថ្ងៃនេះទៀតផង។
នៅរសៀលថ្ងៃខែឆ្នាំដដែលលោក សន សារឿន អភិបាលនៃគណ:អភិបាលស្រុកថាឡាបរិវ៉ាត់ បានអញ្ចើញមកដល់នៅពេលដែលពលរដ្ឋទាំង៣ភូមិកំពុងផ្ទុះការតវ៉ាចំពោះបុគ្គលឈ្មោះ ឆុន ម៉ារ៉ាឌី ដែលមិនត្រឹមតែរំលោភយកដីប្រជាពលរដ្ឋប៉ុណ្ណោះទេថែមទាំងរំលោភបិទផ្លូវសាធារណ: ដែលពួកគាត់ធ្លាប់ប្រើប្រាស់តាំងពីយូរយារណាស់មកហើយ ទើបលោកបញ្ជាឲ្យក្រុមការងារស្រុក ចុះវាស់វែងដីទុកធ្វើផ្លូវឲ្យពួកគាត់ធ្វើដំណើរឡើងវិញ មានទទឹង១០ម៉ែត្រ ហើយឲ្យពលរដ្ឋធ្វើលិខិតសុំផ្លូវ ដោយមានស្នាមមេដៃពលរដ្ឋទាំង៣ភូមិ ដាក់ទៅភូមិឃុំ រហូតដល់ស្រុកនិងខេត្ត។លោកអភិបាលស្រុកបញ្ជាក់ថា លុះត្រាតែមានការអនុញ្ញាតពីរូបលោកសិនទើបអាចធ្វើការឈូសឆាយធ្វើផ្លូវបាន។ លោកបញ្ជាក់ទៀតថាមិនត្រួវឲ្យលោក ឆុន ម៉ារ៉ាឌី បញ្ជាឲ្យមេការឈូសឬភ្ជួរបិទផ្លូវទៀតនោះទេ។
ទោះបីមានការអញ្ជើញចូលរួមសម្របសម្រួលពីអាជ្ញាធរមេភូមិទាំង៣ និងអ្នកស្រីមេឃុំ រួមទាំងមន្ត្រីនគរបាលប៉ុស្តិ៍ មកហៅបុគ្គលឈ្មោះ ឆុន ម៉ារ៉ាឌី នោះមកដោះស្រាយនៅចំពោះមុខប្រជាពលរដ្ឋទាំង៣ភូមិប្រមាណជាង១០០នាក់ ដើម្បីសុំបើកផ្លូវឡើងវិញ ក្តីក៏បុគ្គលឈ្មោះ ឆុន ម៉ារ៉ាឌី នៅមិនព្រមសម្របសម្រួលនោះទេ។
លោក ម៉ែន គុង អ្នកនាំពាក្យសាលាខេត្ត បានឲ្យដឹងនៅថ្ងៃទី១២ ខែមិថុនានេះថា ការផ្ទុះការតវ៉ារបស់ពលរដ្ឋទាំង៣ភូមិ ក្នុងឃុំអូររី លោកបានជ្រាបហើយ ហើយលោកក៏បានរាយការណ៍ជូនលោកអភិបាលនៃគណ:អភិបាលខេត្តរួចហើយដែរហើយលោកអភិបាលខេត្តក៏បានបញ្ជាទៅស្រុកដែលមានលោកសន សារឿន ជាអភិបាល ចុះទៅដល់និងពិនិត្យទៅតាមអ្វីជាក់ស្តែង ថាបើផ្លូវនោះជាផ្លូវចាស់ត្រូវរក្សាទុកនៅដដែល បើផ្លូវនោះថ្មីត្រូវដោះស្រាយ និងមានការសម្របសម្រួលជាមួយម្ចាស់ដី ដើម្បីរកផ្លូវវាងណាឲ្យពួកគាត់បើចាំបាច់ ជៀសវាងកុំឲ្យប្រឈមនឹងពលរដ្ឋ ដើម្បីងាយស្រួលដល់ពួកគាត់ធ្វើដំណើរទៅមកចំការ និងដឹកផលដំណាំកសិផលដែលពួកគាត់ធ្វើបាន។
លោកបន្តថា បញ្ហារឿងថាឈ្មោះឆុន ម៉ារ៉ាឌី មករំលោភយកដីឈ្មោះសៅ សំអាត និងឈ្មោះកែវ សាមឿន ដែលរឿងនេះបានដល់ដៃតុលាការអស់ហើយ ហើយពួកគាត់ទាំងពីរនាក់ក៏មានឯកសារភូមិឃុំទទួលស្គាល់ដែរ ចំណែកលោកឆុន ម៉ារ៉ាឌី ក៏មានឯកសារទិញលក់ រហូតបានប្តឹងផ្តល់គ្នាទៅតុលាការ ហើយចាប់ឈ្មោះសៅ សំអាត ដាក់ពន្ធនាគារ។ ប៉ុន្តែដោយមានការខិតខំប្រឹងប្រែងពីអាជ្ញាធរស្រុក និងលោកអភិបាលខេត្ត ទើបឈ្មោះសៅ សំអាត បានចេញពីរពន្ធនាគារវិញ។
លោកបញ្ជាក់ទៀតថា រឿងនេះអាជ្ញាធរនៅតែបន្តដោះស្រាយ ផ្អែកទៅតាមឯកសារដែលមានច្បាស់លាស់ ហើយក៏ហាមមិនឲ្យភាគីណាធ្វើសកម្មភាពលើដី ដែលមានទំនាស់នោះដែរ រង់ចាំដោះស្រាយទៅតាមច្បាប់ចប់សិន ហើយឋិតក្នុងការតាមដានរបស់អាជ្ញាធរស្រុក។ ចំណែកភាគីលោក ឆុន ម៉ារ៉ាឌី ដែលសង់ផ្ទះលើដីឈ្មោះកែវ សាមឿន នោះលោកសុំមិនបកស្រាយទេ តែលោកបញ្ជាក់ថាក្នុងករណីលួចដុតផ្ទះឈ្មោះកែវ សាមឿន នោះបើរកឃើញ ឬដឹងឈ្មោះអ្នកដុតនោះ សមត្ថកិច្ចនឹងចាត់ការតាមច្បាប់៕ដោយមាស សុផាត