ខេត្តកំពង់ចាម៖ ទីតាំងលេងល្បែងស៊ីសងខុសច្បាប់បញ្ជល់មាន់ និងលេងអាប៉ោងភ្នាល់ដាក់លុយនៅចំណុចភូមិស្វាយស្រណោះទី១ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានកម្លាំងសមត្ថិច្ចចុះទៅបង្ក្រាប និងឃាត់ខ្លួនអ្នកលេងបាន ១៤នាក់ ចាប់យកវត្ថុតាងមួយចំនួនធំមករក្សាទុកនិងត្រៀមនាំខ្លួនទៅតុលាការចាត់ការតាមច្បាប់ ។
លោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តបានឱ្យដឹងថា ការបង្ក្រាបធ្វេីឡេីងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០នាទី នៅចំណុចភូមិស្វាយស្រណោះទី១ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម ដែលទីតាំងខាងលេីនេះលួចបេីកលេងល្បែងភ្នាល់ដាក់លុយខុសច្បាប់ ។
លោកបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយរូបលោកផ្ទាល់ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកងមាស និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមផងដែរ។
លោកបញ្ជាក់ថា ជាលទ្ធផលសមត្ថកិច្ចបានបង្រ្កាបនិងធ្វេីការឃាត់ខ្លួនអ្នកលេងល្បែងចំនួន១៤នាក់និងដកហូតវត្ថុតាងរួមមាន៖
១-ទូរស័ព្ទដៃចំនួន១០គ្រឿង, ២-ម៉ូតូចំនួន៣៥គ្រឿង, ៣-ចានអាប៉ោងចំនួន១, ៤-កន្រ្តកដាក់មាន់ចំនួន៤, ៥-ផ្តិលជ័រចំនួន១, ៦-ហាន់តោអាប៉ោងចំនួន១, ៧-មាន់ចំនួន៤ក្បាល, ៨-ចានជ័រធំចំនួន១,៩-ជញ្ចឹងថ្លឹងមាន់ចំនួន១, ១០-ស្កុតរុំនិងខ្នាយដែកមួយចំនួន, ១១-កញ្ចក់បាំងមាន់ចំនួន១, ១២-ប្រាក់រៀលចំនួន៤,៥០០,០០០រៀល(បួនលានប្រាំសែនរៀល) ។
បច្ចុប្បន្នជនសង្ស័យ រួមនិឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕ ដោយ៖ វណ្ណៈ