ភ្នំពេញ៖ ជំនួបរវាងតារាចម្រៀងបែបយុវវ័យ លោក ម៉ា ច័ន្ទបញ្ញា និងតារាពហុជំនាញ អ្នកនាង ឆោម ច័ន្ទណេត ក្នុងបទចម្រៀង “ញញឹមបាយ័ន” បានបង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំង។ ចាប់អារម្មណ៍ព្រោះតែបទចម្រៀងមួយនេះពិរោះរណ្តំចិត្ត និងបង្កប់ដោយខ្លឹមសារស៊ីជម្រៅលើសម្បត្តិមរតកសិល្បៈវប្បធម៌ខ្មែរ។
ជាបទចម្រៀងបែបយីកេ ប្រគុំចម្រុះដោយឧបករណ៍តន្ត្រីខ្មែរ អមដោយទឹកដមសំនៀងតារាពីរនាក់ខាងលើបានបង្កើតឲ្យមានភាពពិរោះត្រចៀកប្លែកគួរឲ្យសរសើរ។ ក្រៅពីបទចម្រៀងដែលពិរោះបទនេះក៏ត្រូវបានបញ្ចូលដោយអត្ថន័យស៊ីជម្រៅមួយដែលអាចឲ្យអ្នកស្តាប់ ជាពិសេសកូនខ្មែរមានមោទភាពដែលបានកើតជាកុលបុត្រកុលធីតានៅលើគំនរសម្បត្តិដ៏មហាសាលនៃសិល្បៈវប្បធម៌អរិយធម៌ជាតិ។ តារាពហុជំនាញ អ្នកនាង ឆោម ច័ន្ទណេត បានបញ្ជាក់ថា នាងរំភើបខ្លាំងដែលបានបង្ហើរសំនៀងតាមរយៈបទចម្រៀងមួយនេះ។ នាងបញ្ជាក់ដែរថាបទចម្រៀងនេះនិពន្ធបទភ្លេង និងទំនុកច្រៀងដោយ លោក នន់ នរិន្ទ សម្រួលតន្ត្រីដោយលោក ទី ធាវី ផលិតដោយបណ្ឌិតសភាកម្ពុជានិងដឹកនាំផលិតដោយលោកបណ្ឌិតសភាចារ្យ សុខទូច។ នាងថា“បទចម្រៀងខាងលើជាបទចម្រៀងដែលផលិតឡើងដើម្បីពញ្ញាក់ស្មារតីកូនខ្មែរគេចផុតពីការគេងលក់លើសម្បត្តិជាតិដែលដូនតាបន្សល់ទុកឲ្យ ដោយមិនប្រឹងប្រែងធ្វើអ្វីដែលថ្មីទុកជាកេរដល់អ្នកបន្តវេន”។ នាងថាបទចម្រៀងនេះនឹងផលិតចេញជាវីដេអូ(MV) ក្នុងពេលដ៏ខ្លីខាងមុខ។ នាងបញ្ជាក់ដែរថាតាមរយៈស្នាដៃថ្មីដែលរួមសាមគ្គីគ្នាបង្កើតឡើងនេះនឹងទទួលបានការនិយមចូលចិត្តពីទស្សនិកជន និងប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប៕ ដោយ ៖វឌ្ឍនា