ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់ជាម្ចាស់រថយន្តត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត បន្ទាប់ពីរកឃើញរថយន្តរបស់ខ្លួនដឹកគ្រឿងក្នុងជ្រូកចម្រុះខូចគុណភាពធ្វើឲ្យប៉ះពាល់សុខភាពអ្នកទទួលទានកាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២០ នៅលើផ្លូវកំណាត់ជាតិលេខ៥ ត្រង់ចំណុចចម្ងាយ១០០ម៉ែត្រ ខាងកើតស្ពានទឹកថ្លា ស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុង សិរីសោភ័ណ។
អ្នកបើកបរមានឈ្មោះ សាយ ជៀន ភេទប្រុសអាយុ៥២ឆ្នាំ នៅក្រុងភ្នំពេញ ចំណែករថយន្តម៉ាកតូយូតា Srenna ពណ៌ផ្ទៃមេឃ ផលិតឆ្នាំ២០០៤ ពាក់ស្លាកលេខ ភ្នំពេញ 2AB.7392 ដឹកគ្រឿងក្នុងជ្រូកចម្រុះ ចំនួន០៩កេស ស្មើ៥៤០គីឡូក្រាម ។
លោក យឹម នី នាយរងការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចឲ្យដឹងថា៖ កម្លាំងនគរបាលការិយាល័យជំនាញ ធ្វើការទប់ស្កាត់នូវរាល់ទំនិញខូចគុណភាព នាំចូលពីប្រទេសថៃតាមច្រករបៀងដោយខុសច្បាប់និងការដឹកជញ្ជូនក្នុងប្រទេសកម្ពុជាដោយគ្មានច្បាប់អនុញ្ញាតិ ហើយខុសនឹងលក្ខណៈបច្ចេកទេសលើការវេចខ្ចប់ ដែលជាហេតុបង្កផលប៉ះពាល់ដល់បរិមាណ គុណភាព សុវត្ថិភាពដល់អ្នកទទួលទាន។
លោកបញ្ជាក់ថា៖តាមការសាកសួរចម្លើយ ពីឈ្មោះ សាយ ជៀន ជាអ្នកបើកបរថយន្ត បានប្រាប់សមត្ថកិច្ចថា ខ្លួន ស៊ីឈ្នួលដឹកឲ្យគេ ក្នុងតម្លៃ០១កេស៣០.០០០រៀល ពីចំណុចផ្សារត្រី ក្នុងប៉ោយប៉ែត ទៅដល់ក្រុងភ្នំពេញ ហើយគ្រឿងក្នុងជ្រូកទាំងអស់នេះ បើតាមការឲ្យដឹងពីអ្នកម៉ូតូឌុប ថាយកមកពីថៃតាមច្រករបៀងនៅស្រុកម៉ាឡៃ ។ហើយការវេចខ្ចប់គ្រឿងក្នុងជ្រូកទាំងអស់នេះ គឺខុសលក្ខណៈបច្ចេកទេស ដែលនាំឲ្យខូចគុណភាព ។
នៅថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២០នេះកម្លាំងនគរបាលជំនាញ បានសហការជាមួយមន្ត្រីជំនាញការិយាល័យពេទ្យសត្វនៃមន្ទីរកសិកម្មខេត្ត នាំយកគ្រឿងក្នុងជ្រូកទាំងអស់នេះ ទៅធ្វើការបំផ្លាញចោល ។
ចំណែកអ្នកបើកបររថយន្ត កម្លាំងនគរបាលនិងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតមនីតិវិធីច្បាប់៕
ដោយ៖វណ្ណា