ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូនេស៊ី​មានករណីឆ្លងកូវីដ-១៩ ថ្មីកើនឡើងខ្ពស់គួរឲ្យបារម្ភ

ចែករំលែក៖

ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី​បានប្រកាសនៅថ្ងៃទី​១៥ ខែមិថុនាថា ក្នុងរយៈពេល​២៤ម៉ោងកន្លងមក ចំនួនអ្នកឆ្លងកូវីដ​-១៩ ក្នុងប្រទេសនេះ មានរហូតដល់ទៅ១.០១៧ នាក់​និងស្លាប់​៦៤នាក់ ។​ នេះជាចំនួនឆ្លងនិងស្លាប់ច្រើនជាងគេបំផុតចាប់តាំងពីកូវីដ​-១៩ ផ្ទុះឡើងនៅក្នុងប្រទេសនេះ។
ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី ​ បានប្រកាសឲ្យដឹងថា ចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសនេះកើនឡើង ដល់ទៅ ​៣៩.២៩៤ នាក់ និងស្លាប់សរុប ២.១៩៨ នាក់ ចំណែកអ្នកជាសះស្បើយ មាន១៥.១២៣នាក់ផងដែរ ។
បច្ចុប្បន្ន ឥណ្ឌូនេស៊ីចាប់ផ្តើមបន្ថយការរឹតត្បិត​ទប់ស្កាត់ការឆ្លងកូវីដ​-១៩។ អ្នកនាំពាក្យកម្លាំងប៉ូលិសទីក្រុងចាការតា​ លោកYusri Yunus បានប្រកាសឲ្យដឹងថា​ កម្លាំងប៉ូលិស​ប្រមាណ​២.៧០០នាក់ បានដាក់ពង្រាយនៅតាមទីតាំងសំខាន់ៗ ក្នុងនោះមាន ផ្សារទំនើប​ក្នុងរដ្ឋធានីចាការតានិងទីក្រុង​ផ្កាយរណប៤ផ្សេងទៀត នៅថ្ងៃទី​១៤ ខែមិថុនាដើម្បីត្រួតពិនិត្យ​ ការគោរពច្បាប់របស់ពលរដ្ឋ​ ស្តីពីសុវត្ថិភាព និងគម្លាតពីគ្នាបញ្ចៀសការឆ្លងកូវីដ​-១៩។
បើទោះបី​មានករណីឆ្លងកើនឡើង​ប៉ុន្តែរដ្ឋាភិបាល​ឥណ្ឌូនេស៊ីនៅតែសម្រេចបន្ថយការរឹតត្បិតបើកទ្វារសេដ្ឋកិច្ចជាតិឡើងវិញ ។​ ជាមួយគ្នានេះ​ប្រទេសជាច្រើន​ក្នុងតំបន់ ក៏បាន​សម្រេច​បើកទ្វារដំណើរការសេដ្ឋកិច្ច​របស់ខ្លួនឡើងវិញដែរ ប៉ុន្តែ បន្តបិទព្រំដែនដដែល ៕ដោយ៖ធី រីណា


ចែករំលែក៖