ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានប្រតិបត្តិការណ៍ប្រយុទ្ធប្រឆាំងផលិត ផលក្លែងក្លាយ បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញចំរុះចុះពិនិត្យទីតាំងស្តុកផលិតផលគ្រឿងសំអាងជាច្រើនប្រភេទរបស់ក្រុមហ៊ុនអាតូម ATOMY (CAMBODIA) Co,.LTD កាលពីវេលាម៉ោង ១០និង០០នាទីព្រឹកថ្ងៃទី១៦មិថុនា២០២០ នៅផ្លូវ១៩៥២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមសមត្ថកិច្ចជំនាញ បានឲ្យដឹងថា ៖ គណៈកម្មការ បង្ក្រាបផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានប្រតិបត្តិការប្រយុទ្ធប្រឆាំងផលិត ផលក្លែងក្លាយ ក្រោមការសម្របសម្រួលដោយលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ ឃ្លាំងស្តុក ផលិតផលសំអាងជាច្រើនប្រភេទខាងលើដោយរកឃើញទំនិញចម្រុះ៤១មុខដែលសង្ស័យនាំចូលគេចពន្ធ និងខូចគុណភាព ហួសកាលបរិច្ឆេទ ហើយត្រូវបានម្ចាស់ ក្លែងបន្លំដើម្បីយកទៅលក់លើទីផ្សារ។
ផលិតផលខាងលើជាច្រើនមុខ ក្រោយពីគណៈកម្មាការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ រកឃើញ ត្រូវបានឃាត់រក្សាទុក នៅមួយកន្លែង មិនអនុញ្ញាតឲ្យ ចរាចរចែកចាយ ដែលបង្កឲ្យផលប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់ ហើយទីតាំងខាងលើ ត្រូវបានតុលាកាសម្រេចបិទទ្វាររក្សាទុក ស្ថិតក្នុងការត្រួតពិនិត្យរបស់ស្ថាប័នតុលាការ។
រហូតមកដល់ម៉ោង០៤រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានប្រតិបត្តិការណ៍ប្រយុទ្ធប្រឆាំងផលិត ផលក្លែងក្លាយ បានប្រាប់អង្គភាពនគរវត្ដឲ្យដឹងថា៖ ម្ចាស់ទីតាំងមិនទាន់យកឯកសារពាក់ព័ន្ធមកឲ្យសមត្ថកិច្ចពិនិត្យនឹងមិនចេញមុខមកដោះស្រាយនោះទេ។
លោកឧត្តមសេនីយ៍ទោ បញ្ជាក់ថា៖ ខាងម្ចាស់ទីតាំងបានឲ្យមេធាវីមកដោះស្រាយហើយបើរកមិនឃើញមានឯកសារត្រឹមត្រូវនោះទេខាងសមត្ថកិច្ចជំនាញ តំណាងអយ្យការ នឹងបិទឃ្លាំងខាងលើនេះ ជាបណ្តោះអាសន្ន៕
ដោយ៖ ចន្ទ លីហ្សា