អន្តរជាតិ ៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន CNN បានអោយដឹងថា យន្តហោះចម្បាំងប្រភេទ F-15 ធ្លាក់ចូលទៅក្នុងសមុទ្រ North Sea របស់ប្រទេសអង់គ្លេស បណ្តាលអោយ បុរសម្នាក់ ដែលជាអ្នកបើកយន្ដហោះចម្បាំងក្នុងកងទ័ពអាកាសសហរដ្ឋអាមេរិកម្នាក់ បានស្លាប់។
មុនពេលកើតហេតុ យន្តហោះចម្បាំង F-15C Eagle កំពុងបំពេញបេសកកម្ម ហ្វឹកហាត់ការហោះហើរជាប្រចាំ ប៉ុន្តែមិនដឹងថា មានបញ្ហាបច្ចេកទេសអ្វីនោះទេ ទើបបណ្តាលអោយ យន្តហោះចម្បាំង F-15C Eagle បានធ្លាក់ចូលក្នុងសមុទ្រ នៅវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃច័ន្ទ នេះបើយោងតាម សេចក្តីថ្លែងការណ៍អង្គភាពយោធា 48th Fighter Wing របស់សហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា បច្ចុប្បន្នអង្គភាពយោធា 48th Fighter Wing មានសមាជិកយោធាសកម្មប្រហែល ៤.៥០០នាក់ ដោយក្នុងនោះ យន្តហោះចម្បាំងប្រភេទ F-15C ជាង ២០០គ្រឿង ត្រូវបានគេដាក់ឱ្យបម្រើការអស់រយៈពេលជាង ៤០ឆ្នាំមកហើយ ដោយបានបោះទីតាំងនៅភូមិ Lakenheath ក្នុងតំបន់ Suffolk របស់ប្រទេសអង់គ្លេស តាំងពីឆ្នាំ ១៩៦០មកម៉្លេះ៕ដោយ៖ស តារា