អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មាន Yonhap នៅថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២០នេះ បានចេញផ្សាយដោយដកស្រង់ពីការបញ្ជាក់របស់ក្រសួងបង្រួបបង្រួមកូរ៉េថា៖ កូរ៉េខាងជើង បានបំផ្ទុះការិយាល័យទំនាក់ទំនងអន្តរកូរ៉េដែលមានទីតាំងក្នុងទឹកដីខ្លួន នៅទីក្រុង Kaesong ។
យោងតាមក្រសួងបង្រួបបង្រួមកូរ៉េ បានសរសេរក្នុងសារទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា «កូរ៉េខាងជើង បានបំផ្ទុះការិយាល័យទំនាក់ទំនងនៅម៉ោងជាងពីររសៀល (ម៉ោងនៅកូរ៉េ)»ថ្ងៃអង្គារនេះ ។
ទីភ្នាក់ងារព័ត៌មាន Yonhap និយាយថា មុនការប្រកាសនេះ គេឃើញមានផ្សែងខ្មៅហ៊ុយឡើង និងឮសំឡេងផ្ទុះក្នុងទីក្រុង Kaesong ដែលមានការសង្ស័យថា ប្រជាជាតិកម្មុយនីស្តមួយនេះ អាចបំផ្ទុះការិយាល័យទំនាក់ទំនងអន្តរកូរ៉េនៅទីនោះ។
គួរបញ្ជាក់ថា កន្លងមករដ្ឋាភិបាលក្រុងព្យុងយ៉ាង បានព្រមានប្រឆាំងកូរ៉េខាងត្បូងជាច្រើនលើកមកហើយ ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះហើយក៏បានគំរាមកម្ទេចការិយាល័យដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៨ផងដែរ ។
សូមជម្រាបថា កាលពីថ្ងៃទី១៣ មិថុនាថ្មីនេះ លោកស្រី គីម យ៉ូចុង ត្រូវជាប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានផ្ញើសារគំរាមកូរ៉េខាងត្បូង ដោយអះអាងថា កងទ័ពកូរ៉េខាងជើង នឹងកំណត់ពីជំហានបន្ទាប់ប្រឆាំងកូរ៉េខាងត្បូងដែលបំពានមេដឹកនាំកំពូលរបស់ខ្លួន។
សារព្រមាននោះ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង មិនបានបញ្ជាក់អ្វីឲ្យច្បាស់ពីជំហានបន្ទាប់របស់ទីក្រុងព្យុងយ៉ាងប្រឆាំងសេអ៊ូលឡើយ។ ប៉ុន្តែគេជឿថាការិយាល័យកិច្ចការអន្តរកូរ៉េនៅឯ Kaesong ទំនងជាគោលដៅរបស់កូរ៉េខាងជើង។ ការិយាល័យនេះ ជាកន្លែងទំនាក់ទំនងរវាងកូរ៉េទាំងពីរ ដែលត្រូវបានបង្កើតក្រោមកិច្ចព្រមព្រៀងរវាងលោក គីម និងប្រធានាធិបតី មូន ចេអ៊ីន អំឡុងពេលដែលទំនាក់ទំនងបងប្អូនកូរ៉េកក់ក្ដៅខ្លាំងចាប់ពីឆ្នាំ២០១៨មក។
សេចក្ដីថ្លែងការណ៍របស់លោកស្រី គីម គឺជាសារព្រមានមួយទៀតរបស់កូរ៉េខាងជើងចំពោះកូរ៉េខាងត្បូងដែលចាប់ផ្ដើមតាំងពីសប្ដាហ៍មុន។មួយថ្ងៃមុនលោកស្រី គីម មន្ត្រីកូរ៉េខាងជើងម្នាក់ក៏បានចេញសារព្រមានទីក្រុងសេអ៊ូល និងថា ព្យុងយ៉ាងអស់ការទុកចិត្តលើសេអ៊ូល ព្រោះអាជ្ញាធរកូរ៉េខាងត្បូងបណ្ដែតបណ្ដោយឲ្យជនភៀសខ្លួនកូរ៉េខាងជើងបង្ហោះខិត្តបណ្ណដែលមានន័យប្រមាថមេដឹកនាំកំពូលកូរ៉េខាងជើង៕
ដោយ៖ស តារា