ព័ត៌មានទាន់ហេតុការណ៍៖

សាខាកាំកុងត្រូលខេត្តព្រះវិហាររកឃើញទំនិញច្រើនមុខខូចគុណភាពរឹបអូសយកទៅបំផ្លាញចោល

ចែករំលែក៖

ខេត្តព្រះវិហារ៖កម្លាំងសាខាកាំកុងត្រូលខេត្តព្រះវិហារ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នេះ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងបានត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់នៅតាមផ្ទះលក់ទំនិញនានា ក្នុងភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ដោយទទួល លទ្ធផលបានរកឃើញ និងដកហូតបានទំនិញហួសកាលបរិច្ឆេទប្រើប្រាស់សរុបបានចំនួន ៥១,៤៣៥ គីឡូក្រាម និង ១៧១,៦៩៥ លីត្រ។
មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះវិហារបានឲ្យដឹងថា ក្រោយពិនិត្យឃើញមានទំនិញហួសសុពលភាពប្រើប្រាស់ត្រូវអាជីវករតាំងលក់នៅលើទីផ្សារយ៉ាងនេះ ក្រុមជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ មករក្សាទុកដើម្បីដុតបំផ្លាញចោល និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទិញយកទៅប្រើប្រាស់ ដែលអាចប្រឈមចំពោះមុខច្បាប់ថែមទៀតផង ៕ ដោយ៖ប្រាថ្នា


ចែករំលែក៖