ខេត្តប៉ៃលិន ៖ បុរសជាម្ចាស់ដីបានជួលគ្រឿងចក្រអេស្កាវ៉ាទ័រទៅជីកកាយដីនៅក្បែរមាត់ស្ទឹងបរយ៉ាខាស្រាប់តែប៉ះគ្រាប់ផ្លោង (ប្រភេទMD82B) ចំនួន១០គ្រាប់ ដែលនៅសេសសល់កប់ក្នុងដីពីសម័យសង្គ្រាម តែសំណាងល្អអត់ផ្ទុះធ្វើឱ្យបុរស អ្នកបើកបរអេស្កាវ៉ាទ័រព្រលឹងចុងសក់ រួចក៏ប្រញាប់រាយការណ៍ជូនទៅខាងអាជ្ញាធរមានសមត្ថកិច្ចឱ្យចុះមកត្រួតពិនិត្យមើល ហើយសមត្ថកិច្ចមូលដ្ឋានក៏បានរាយការណ៍និងប្រគល់ជូនទៅក្រុមការងារកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ឱ្យយកទៅកម្ទេចចោលតែម្តង ។
សមត្តកិច្វបានឱ្យដឹងថា ករណីបុរសម្នាក់ដែលជួលអេស្កាវ៉ាទ័រយកមកកាយដីប៉ះចំគ្រាប់ផ្លោង១០គ្រាប់នោះ គឺបានកើតឡើងនៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ស្ថិតនៅចំណុចដីកាយថ្មីក្រោយស្ពានយោល ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
សមត្តកិច្ចប៉ុស្តិ៍បរយ៉ាខាបានបន្តថា ពលរដ្ឋម្នាក់ដែលបានជួលគ្រឿងចក្រអេស្កាវ៉ាទ័រយកទៅជីកកកាយដីរបស់ខ្លួននៅក្បែរមាត់ស្ទឹងដើម្បីពង្រាបឱ្យដីស្មើនោះពេលកំពុងតែជីកកាយពង្រាបដី
សុខៗស្រាប់តែកាយប៉ះចំគ្រាប់ផ្លោងប្រភេទអមដេ៨២(MD82)ចំនួន១០គ្រាប់នៅក្បែរៗគ្នាដែលធ្វើឱ្យអ្នកបើកបរគ្រឿងចក្រព្រលឹងចុងសក់រួចក៏ផ្អាកសកម្មភាពជីកកកាយពង្រាបដីខ្លាចប៉ះគ្រាប់ច្រើនទៀត ។
សមត្តកិច្ចជំនាញបានបន្តទៀតថា រហូតមកដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះក៏បានចង្អុលបង្ហាញឱ្យក្រុមការងារកម្ចាត់មីនកម្ពុជាហៅស៊ីម៉ាក់យកទៅកម្ទេចចោល ។
សូមបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះមានពលរដ្ឋម្នាក់បានជួលគ្រឿងចក្រគេយកទៅជីកកកាយដីរបស់ខ្លួននៅក្បែរផ្លូវ ស្រាប់តែកាយប៉ះចំគ្រាប់មីនផ្ទុះយ៉ាងកក្រើកភ្ញាក់ផ្អើលអ្នកដល់
ភូមិនិងសមត្តកិច្ច បណ្ដាលឱ្យបុរស២នាក់រងរបួសធ្ងន់ ។
ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានសមត្តកិច្ចប៉ុស្តិ៍រដ្ឋបាលហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។ នៅចំណុចកើតហេតុខាងលើអត់ទាន់មានក្រុមការងារកម្ចាត់មីនចុះទៅធ្វើការរាវរកគ្រាប់មីនដែលនៅសេសសល់ឡើយ ។
ម្យ៉ាងវិញទៀត ត្រង់ចំណុចខាងលើគឺជាកន្លែងប្រយុទ្ធគ្នាយ៉ាងខ្លាំង កាលពីសម័យសង្គ្រាម ដូច្នេះហើយទើបសម្បូរទៅដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងគ្រាប់មីនសេសសល់កប់នៅក្នុងដីយ៉ាងច្រើនគួរឱ្យភ័យខ្លាច ៕ ស សារ៉េត